ម្តាយ​អតីត​កីឡាករ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​


(ភ្នំពេញ​)៖ ក្រោម​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្ងៃនេះ​ទណ្ឌិត​ជាស្រ្តី​ ឈ្មោះ​ អ៊ុត​ អន​ ជា​ម្តាយ​របស់​អតីត​កីឡាករ​ប្រដាល់​លោក​ អេ​ ភូថង​ ដែល​កំពុង​មាន​មហារីក​ក្បាល​ធ្ងន់​ធ្ងរ​ដំណាក់កាល​ចុងក្រោយ​ ទទួល​បាននូវ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

តាម​រយៈ​ការ​ស្នើ​សុំរបស់​អគ្គ​នាយក​ដ្ឋានពន្ធនាគារ​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយក្រុម​ការ​ងាររបស់​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ (គ​សមក​) កាល​ពី​ថ្ងៃ​ទី​១៦ ខែមីនា​ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ ឯកឧត្តម​ កែវ​ រ៉េមី​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នា​យករដ្ឋមន្រ្តី​ និង​ជាប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​យករដ្ឋមន្រ្តី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ផ្តល់​នូវ​ការ​លើកលែង​ទោស​ដល់​ស្ត្រី​មួយ​រូប​ឈ្មោះ​ អ៊ុត​ អន​ អាយុ​ ៥៨ឆ្នាំ​ ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (ម​២) ផ្អែក​លើគោលការណ៍​មនុស្សធម៌​ ដោយ​ស្រ្តី​រូបនេះ​ បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​មហារីក​ក្បាល​ធ្ងន់​ធ្ងរ​ដំណាក់កាល​ចុងក្រោយ។ 

តាម​រយៈ​ការ​ចុះ​ពិនិត្យ​ និង​ជួបផ្ទាល់​ជា​មួយ​ស្រ្តី​រូបនេះ​នៅ​មណ្ឌល​អប់រំ​កែប្រែទី​២ (ម​២) ក្រុម​ការងារ​គ​សមក​ សង្កេតឃើញ​ថា​ ស្ថាន​ភាព​ជំងឺ​របស់​ស្រ្តីជា​ប​់ឃុំ​រូបនេះ​ពិតជា​ធ្ងន់​ធ្ងរ​ដូច​ការ​លើក​ឡើង​របស់​អគ្គ​នាយក​ដ្ឋានពន្ធនាគារ​មែន​ ហើយ​ករណី​ស្រ្តី​នេះ​ក៏​មាន​សាលដីការ​ស្ថា​ពរ​ចេញ​ដោយ​សាលា​ឧទ្ធរណ៍​រួចហើយ​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែតុលា​ ឆ្នាំ​២០១៩ ដោយ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ០៨ឆ្នាំ​ ពី​បទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​ និង​បានឃុំខ្លួន​តាំង​ពី​ថ្ងៃ​ទី​២១ ខែមិថុនា​ឆ្នាំ​២០១២ មក​ម្ល៉េះ។ដូច្នេះ​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅសល់​ប្រហែលជា​ ៣ខែទៀត​តែប៉ុណ្ណោះ​ ដោយ​គិត​ពី​ថ្ងៃ​ឃុំខ្លួន។ 

ការ​ស្នើ​ត្រង់​ដោយ​ផ្ទាល់​ទៅ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្នុង​ករណី​នេះ​ គឺដើម្បី​ផ្តល់​ឱកាស​ដល់​ស្រ្តីជា​ប់ឃុំ​រូបនេះ​ ឆាប់​បានចេញ​ពីពន្ធនាគារ​ និង​ជួបជុំ​ជា​មួយក្រុម​គ្រួសារ​សាច់ញាតិ​ សម្រាប់​ពេលវេលា​ដែល​នៅ​សេសសល់​ចុងក្រោយ​របស់​គាត់។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ សូម​ថ្លែង​អំ​គុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួមមាន​ ក្រសួង​យុត្តិធម៌​ អគ្គ​នាយក​ដ្ឋានពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (ម​២) ដែល​បានផ្តល់​នូវ​កិច្ច​សហការ​ក្នុង​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​នេះ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​សូម​គោរព​ថ្លែងអំណរគុណ​ជាអនេក​ជូនចំពោះ​សម្តេច​តេជោ​នា​យករដ្ឋមន្រ្តី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ចំពោះ​កាយវិការ​ និង​ទឹកចិត្ត​មនុស្សធម៌​ ដែល​ជា​មហា​ករុណា​ទិគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​រកអ្វី​ប្រៀបប្រដូច​ពុំ​បាន​ ដែល​សម្តេច​តែងតែ​មាន​ចំពោះ​ជនគ្រប់រូប​ និង​ជាពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​និង​គាំទ្រ​ដោយ​ផ្ទាល់​របស់​សម្តេច​ដល់​ការងារ​ និង​បេសកកម្ម​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ក្នុង​បុព្វហេតុ​លើកស្ទួយ​ និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជា​ពល​រដ្ឋ​៕(ANN007)

ម្តាយ​អតីត​កីឡាករ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​
ម្តាយ​អតីត​កីឡាករ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​
ម្តាយ​អតីត​កីឡាករ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​
ម្តាយ​អតីត​កីឡាករ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​
ម្តាយ​អតីត​កីឡាករ​ប្រដាល់​ អេ​ ភូថង​ ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​


ពាក្យទាក់ទង