អភិបាលខេត្តសៀមរាប អំពាវនាវឲ្យ​អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតបញ្ឈប់សកម្មភាពរបស់ខ្លួន


ខេត្តសៀមរាប៖ នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ម្សិលមិញ​នេះ បានសរសេរថា បន្ទាប់ពីបានតាមដានក្នុងបណ្តាញសង្គមហ្វេសប៊ុកចាប់ពីពេលដែលជនជាតិជប៉ុនបានធ្វើតេស្តវិជ្ជមាន Covid-19 នៅពេលត្រឡប់ទៅដល់ប្រទេសដើមរបស់ខ្លួនវិញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោយពីចាកចេញពីកម្ពុជា ឆ្លងកាត់វៀតណាម ជាកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្រៅខេត្ត មានការព្រួយបារម្ភ​យ៉ាង​ខ្លាំង តែអ្វីដែលលោកកត់សម្គាល់លើសពីនេះ គឺព័ត៌មានតាមហ្វេសប៊ុក (គណនីមួយចំនួន) បានយកករណីនេះ ជាឱកាសក្នុងការផ្សព្វផ្សាយនូវការលក់ដូរផលិតផលរបស់ខ្លួន (ម៉ាស់ ថ្នាំពេទ្យ អាកុលលាងដៃ ។ល។) ដោយឡើងថ្លៃខុសពីការលក់សព្វថ្ងៃ និងមានករណីការឆបោកផងដែរ រួមទាំងការបំផុសព័ត៌មានមិនពិត បំពុល និងសំនួរផ្សេងៗ ដែលធ្វើឲ្យ​បងប្អូនប្រជាពលរដ្ឋកាន់តែភ័យខ្លាចពីជំងឺនេះ។

ជាមួយ​គ្នា​នេះ​ អភិបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមមេត្តា ធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើព័ត៌មានផ្លូវការ ជាពិសេសរបស់ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ជៀសវាងនូវព័ត៌មានមិនពិត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយផ្សេង ដែលបាន និងកំពុងធ្វើឲ្យ​មានភាពចលាចល គ្មានស្ថេរភាពសង្គម នាំមកនូវមហន្តរាយ វិបត្តិសតិអារម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល។

ជាចុងក្រោយ លោក ទៀ សីហា ក៏​បាន​ដាក់ Hastag ​ នូវពាក្យ​ពី​រឃ្លាផងដែរ ដោយថា « កុំធ្វើបាបខេត្តខ្ញុំ កុំធ្វើបាបប្រជាពលរដ្ឋខ្ញុំ»៕

អភិបាលខេត្តសៀមរាប អំពាវនាវឲ្យ​អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតបញ្ឈប់សកម្មភាពរបស់ខ្លួន


ពាក្យទាក់ទង