អាជ្ញាធរជាតិអប្សរា បើកឲ្យ​ភ្ញៀវជាតិ-អន្តរជាតិ អាច​ចូលទស្សនាសារមន្ទីរចំនួនបីដោយឥតគិតថ្លៃពេញមួយឆ្នាំ

ខេត្តសៀមរាប៖ សារមន្ទីរចំនួនបី​នៅ​ខេត្ត​សៀមរាប គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ថា នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ អាច​ចូល​ទៅទស្សនាដោយ​ឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យ​ដឹងថា ការ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចូលទស្សនា​សារមន្ទីរទាំងបី​ដោយ​ឥតគិតថ្លៃពេញ​មួយ​ឆ្នាំ​នេះ គឺ ទី១ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប, ទី២ បង្កើនចំណេះដឹងតាមរយៈការស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឲ្យ​បានទូលំទូលាយ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ពិសេសសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សាអប់រំនានា និងទី៣ គឺបង្កើនមោទនភាពជាតិអំពីប្រវត្តិសាស្រ្ត អតីតកាលរបស់ខ្លួនកាន់តែខ្លាំងដល់យុវជនជំនាន់ក្រោយ។

បើតាម​ការ​បញ្ជាក់​របស់​លោក ឡុង កុសល សារមន្ទីរទាំងបីនេះ គឺមាន​ការ​តាំង​បង្ហាញខុសៗគ្នា ដោយ​នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មាន​ការ​តាំងបង្ហាញនូវផលិតផលប្រពៃណី មានសម្លៀកបំពាក់ធ្វើពីសូត្រនៅតាមបណ្តាប្រទេសទាំង៦នៅជុំវិញដងទន្លមេគង្គដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និងឥណ្ឌា។

រីឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរតាំងបង្ហាញនូវបដិមាដែលកំណាយបានពីប្រាសាទបន្ទាយក្តី បដិមានៅសម័យអង្គរ ពិសេសសមុច្ច័យដែលបានពីកំណាយនៅបារាយណ៍ខាងលិច គោកប៉ាទ្រី និងកន្លែងផ្សេងៗទាក់ទងនឹងការរស់នៅរបស់មនុស្សសម័យបុរាណ ការកប់សព សម្ភារប្រើប្រាស់ផ្សេងៗ ដែលបង្ហាញពីប្រវត្តិសាស្រ្តខ្មែរដ៏ឧត្តុងឧត្តម។

ចំណែកសារមន្ទីរឡតានី ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី គឺជាកន្លែងផលិតកុលាលភាជន៍ ត្រូវបានរកឃើញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានាទស្សវត្សរ៍ឆ្នាំ១៩៩០។ សារមន្ទីរនេះ បានផ្តល់នូវព័ត៌មានដ៏សំខាន់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរបុរាណតាមរយៈការប្រើប្រាស់ភាជន៍ ការរស់នៅប្រចាំថ្ងៃរបស់បុព្វបុរស និងដឹងថាពួកគាត់បានផ្តល់តម្លៃអ្វីខ្លះក្នុងទិដ្ឋិភាពសង្គមនាពេលនោះ៕

png