អភិបាល​ខេត្ត​សៀមរាប ៖ ជប៉ុន​នៅ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​ការ ករណី​ជនជាតិ​ជប៉ុន​ហោះពី​ខេត្ត​សៀមរាប ដែលថាមាន​ផ្ទុក Covid-19 នៅ​ឡើយទេ

នៅព្រឹកមិញ​នេះ អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា បាន​បញ្ជាក់ថា ជប៉ុននៅ​មិនទាន់បញ្ជាក់ជាផ្លូវការចំពោះករណី​ជនជាតិជប៉ុនថា កើតជំងឺ COVID-19 ក្រោយ​ពី​ហោះ​ចេញពី​ខេត្ត​សៀមរាប​នៅឡើយទេ ហេីយថា លោក​នឹង​ចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការរួចជាស្រេចហើយដែរ។

កាលពីពេល​ថ្មីៗនេះ មាន​ការផ្សព្វផ្សាយព័ត៌មានថា មានជនជាតិជប៉ុនម្នាក់ត្រូវ​គេ​រកឃើញ​មាន​ជំងឺ COVID-19 ក្រោយ​ពី​បានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាប ឆ្លងកាត់ព្រលានយន្តហោះទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

លោក ទៀ សីហា បានបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះ គឺគាត់ជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ។

ហើយថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ ហើយ​តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។

ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការថា ជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយដែរ៕

ដោយ៖ តាំង ហូ

ពាក្យទាក់ទង