នគរបាល​គ្រោង​នឹង​អនុវត្ត​ច្បាប់​ ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ដែល​មិន​មាន​ច្បាប់


រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងកម្មវិធីមួយ​របស់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃទី៣ ខែមីនា ម្សិលមិញថា បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនឹងចូលជាធរមាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ មន្រ្តីជំនាញនឹងចុះអនុវត្តច្បាប់ និងដាក់ទោសឬពិន័យតាមច្បាប់ចំពោះអ្នកធ្វើអាជីវកម្មតាមអនឡាញណា មិនមានច្បាប់ត្រឹមត្រូវ។

លោកថា កន្លងមកនេះ ការត្រួតពិនិត្យពាណិជ្ជកម្មតាមអនឡាញ មន្ត្រីអនុវត្តច្បាប់គឺមិនមានច្បាប់ពាក់ព័ន្ធទៅនឹងលើអនឡាញដើម្បីធ្វើការទេ។ ហើយថា នៅ​ពេល​ខាងមុខ​នេះ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នឹងជួបប្រជុំគ្នាដើម្បីកំណត់អនុក្រឹត្យមួយបន្ថែមទៀត ដើម្បីសម្រួលឲ្យ​ការអនុវត្តច្បាប់នេះកាន់តែមានប្រសិទ្ធិភាព។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ស្នើ​ដល់​បងប្អូន អាជីវកម្មអាជីករទាំងអស់ ដែលរកទទួលទានតាមប្រព័ន្ធអនឡាញនេះ ត្រៀមលក្ខណៈស្នើសុំច្បាប់ទៅក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដោយថា ការចុះបញ្ជីត្រឹមត្រូវគឺជាការគោរពច្បាប់ បង្កើនចំណូលថវិកាជាតិ និងមានទំនុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់ផលិតផលដែលលក់តាមប្រព័ន្ធអនឡាញនេះ៕

នគរបាល​គ្រោង​នឹង​អនុវត្ត​ច្បាប់​ ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ដែល​មិន​មាន​ច្បាប់
នគរបាល​គ្រោង​នឹង​អនុវត្ត​ច្បាប់​ ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ដែល​មិន​មាន​ច្បាប់


png