ក្រសួងប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គររន្ទះ និង​ខ្យល់​កន្រ្តាក់ ដែល​អាច​កើត​មាន​ពី​ថ្ងៃទី៤-៦ ខែមីនា


រាជធានីភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹកមិញ​នេះ បានប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ដែល​នឹង​អាច​កើត​មាន​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ដូចជា ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និង​ខេត្ត​ប៉ៃលិន ចាប់ពីថ្ងៃទី៤-៦ ខែមីនា។

បើ​តាម​ការ​បញ្ជាក់របស់​ក្រសួង​ថា ករណី​នេះ គឺ​ដោយ​សារ​តែ​មាន​កម្រិត​សម្ពា​ធទាប​នៅ​លើ​ផ្ទៃដី គ្រប​ដណ្តប់​លើភាគ​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ តំបន់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន មានសីតុណ្ហភាពទាបបំផុត​ ពី ២២-២៤អង្សាសេ និង​ខ្ពស់បំផុត​ពី ៣៣-៣៥អង្សាសេ។

សម្រាប់​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាព​ទាប​បំផុត​មាន​ពី ២៤-២៦អង្សាសេ និង​ខ្ពស់​បំផុត​មានពី ៣៦-៣៨អង្សាសេ ហើយ​នៅថ្ងៃទី៤-៦ ខែមីនា បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ត្យ នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅមធ្យម។

ដោយ​ឡែក​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ សីតុណ្ហភាព​ទាប​បំផុត​មាន​ពី ២៤-២៦អង្សាសេ និង​ខ្ពស់​បំផុត​មាន​ពី ៣៤-៣៦អង្សាសេ ហើយ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ខ្សោយ៕

ក្រសួងប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គររន្ទះ និង​ខ្យល់​កន្រ្តាក់ ដែល​អាច​កើត​មាន​ពី​ថ្ងៃទី៤-៦ ខែមីនា


ពាក្យទាក់ទង