ក្រសួងសុខាភិបាលប្រកាស​ជាថ្មីថា មកដល់ថ្ងៃទី២មីនានេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មីនោះទេ


រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា​នៅ​រសៀល​ថ្ងៃនេះ បានធ្វើ​សន្និសីទកាសែត​បន្ទាន់​មួយ​ ដោយ​បានប្រកាសថា កម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មីឬ covid -19នោះទេ ។ ការ​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​នេះ គឺដើម្បីឆ្លើយតបទៅនឹងព័ត៌មាននៅលើបណ្ដាញសង្គមដែល​ថា កម្ពុជាបានឆ្លងជំងឺកូរ៉ូណាថ្មី ឬ covid -19។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល មានប្រសាសន៍នៅ​ក្នុង​សន្និសីទ​កាសែតថា មន្រ្ដីសុខាភិបាលបានតាមដាន និងពិនិត្យកំហាក រហូតមកទល់ពេលនេះ គឺមិនទាន់បានរកឃើញមានពលរដ្ឋកម្ពុជាណាម្នាក់បានឆ្លងជំងឺកូរ៉ូណាថ្មី ឬ covid -19នៅឡើយនោះទេ ដែល​មិនដូចការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមនោះឡើយ។

លោកដ្ឋមន្រ្ដីថា ក្រសួងនឹងបន្ដតាមដានជំងឺកូរ៉ូណាថ្មី ឬ COVID-19ជាប់ជាប្រចាំ ដើម្បីការពារ និងអាចព្យាបាលបានឲ្យ​ទាន់ពេលវេលា ហើយជៀសវាងឆ្លងរីករាលដាលបន្ដទៀត។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញការឆ្លងនៅ​វីរុស Covid-19 មួយករណី​កាលពីខែមុន​នៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ និង​អនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ។ ប៉ុន្ដែកាលពី​ថ្មីៗនេះ មានករណី នៃ​ការដួលសន្លប់ និងស្លាប់ជនជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​នៅ​ជនបរទេស​នៅ​ខេត្ត​សៀមរាប ត្រូវ​ក្រសួង​បញ្ជាក់ថា មិនមែនជាជំងឺកូរ៉ូណាថ្មី ឬ COVID-19នោះទេ៕

ក្រសួងសុខាភិបាលប្រកាស​ជាថ្មីថា មកដល់ថ្ងៃទី២មីនានេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មីនោះទេ


ពាក្យទាក់ទង