អាមេរិកផ្អាក​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន ដោយ​សារ Covid-19


អាមេរិក៖ មន្រ្ដីជាន់ខ្ពស់អាមេរិក បានថ្លែងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា មេដឹកនាំអាមេរិកបានសម្រេចផ្អាកចូលរួមប្រជុំជាមួយមេដឹកនាំ នៃបណ្ដាប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ (អាស៊ាន) ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនាខាងមុខ។ ការប្រកាសផ្អាកនេះ ក៏ដោយសារតែមានការព្រួយបារម្ភអំពីការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណា ឬ Covid-19។

គួរ​បញ្ជាក់ថា កាលពីចុងឆ្នាំមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​អញ្ជើញមេដឹកនាំទាំង១០ នៃបណ្ដាប្រទេសអាស៊ានទៅចូលរួមប្រជុំនៅក្នុងទីក្រុងឡាសវេហ្គាស បន្ទាប់ពីលោកមិនបានទៅចូលរួមប្រជុំជាមួយនឹងមេដឹកទាំងនោះ នៅក្នុងទីក្រុងបាងកក កាលពីអំឡុងកិច្ច​ប្រជុំ​អាស៊ាន​នៅ​ខែវិច្ឆិកា។

មន្រ្ដីជាន់ខ្ពស់អាមេរិក បានថ្លែងថា អាមេរិក ក៏ដូចជាសហគមន៍អន្ដរជាតិដទៃទៀត ត្រូវតែធ្វើការរួមគ្នា ដើម្បីយកជ័យជម្នះលើវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។ នៅក្នុងការប្រឹក្សាយោបល់ជាមួយដៃគូអាស៊ាន គឺអាមេរិកពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការសម្រេចចិត្តផ្អាកកិច្ច​ប្រជុំជាមួយបណ្ដាមេដឹកនាំអាស៊ាន។

មន្រ្ដីអាមេរិកជាន់ខ្ពស់អាមេរិក បានបញ្ជាក់ថា​ អាមេរិកបានឲ្យតម្លៃខ្ពស់ដល់ទំនាក់ទំនងមិត្តភាពជាមួយបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ និងសម្លឹងមើលពីទំនាក់ទំនងលើវិស័យសំខាន់ៗជាច្រើន នាពេលអនាគត។

ទោះជាយ៉ាងណា ក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះការសុំធ្វើអត្ថាធិប្បាយណាមួយជុំវិញបញ្ហាការផ្អាកមកចូលរួមប្រជុំនោះទេ៕

អាមេរិកផ្អាក​កិច្ច​ប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន ដោយ​សារ Covid-19


png