ប៉ុន្មាន​ថ្ងៃ​ទៀត​ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ ​ក្រសួង​ប្រាប់​ឲ្យ​កសិករ​រស់នៅ​អម​សងខាង​ទន្លេ​រួសរាន់​ប្រមូល​ផល​កសិកម្ម​

ទំហំអក្សរ៖

(ភ្នំពេញ) ៖ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​ព្រឹក​ថ្ងៃទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើតឡើង​ ​និង​កំពុង​អូស​កាត់​លើ​អាងទន្លេ​មេគង្គ​ ​ចាប់ពី​ប្រទេស​វៀតណាម​ ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​។​

ប៉ុន្មាន​ថ្ងៃ​ទៀត​ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ ​ក្រសួង​ប្រាប់​ឲ្យ​កសិករ​រស់នៅ​អម​សងខាង​ទន្លេ​រួសរាន់​ប្រមូល​ផល​កសិកម្ម​

​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​ ​ក៏​មាន​ឥទ្ធិពល​ផង​ដែរ​ទៅលើ​ប្រទេស​ឡាវ​ ​ថៃ​ ​និង​ប្រទេស​កម្ពុជា​ ​ពិសេស​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ ​នៃ​ទន្លេសេកុង​ ​សេសាន​ ​និង​ទន្លេស្រែពក​ ​ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លា​ក់​ជាប់​ៗ​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​ ​ចាប់ពី​ថ្ងៃទី២១​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​តទៅ​។​

​ការ​ធ្លាក់​ភ្លៀង​ខាងលើ​នេះ​ ​នឹង​ធ្វើឲ្យ​ទឹកទន្លេ​មេគង្គ​កើនឡើង​ជាបន្តបន្ទាប់​ ​ក្នុង​នោះ​ ​ខេត្ត​ស្ទឹងត្រែង​ ​អាច​ឡើង​ដល់​កម្ពស់​ ​៨,៥០ម៉ែត្រ​ ​,​ ​ខេត្តក្រចេះ​ ​ទឹក​អាច​ឡើង​ដល់​កម្ពស់​ ​១៨,៥០ម៉ែត្រ​,​ ​ខេត្ត​កំពង់ចាម​ ​ទឹក​អាច​ឡើង​ដល់​កម្ពស់​ ​១០ម៉ែត្រ​ ​រី​ឯ​នៅ​ទន្លេមេគង្គ​ក្រោម​ ​ទន្លេសាប​ ​និង​ទន្លេបាសាក់​ ​ទឹក​បន្ត​ឡើងជា​បន្តបន្ទាប់​។​

​ក្រសួង​បញ្ជាក់​ថា​ ​ស្ថានភាព​ទឹកទន្លេ​ឡើង​ក្នុង​ពេលនេះ​ ​គឺ​អាច​ចាត់​ចូល​ជា​ការ​ហក់​ឡើង​អតិបរមា​លើក​ទី១​ ​ហើយ​ថា​ ​ជាទូទៅ​ទឹកទន្លេ​មេគង្គ​តែងតែ​ហក់​ឡើង២ដង​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដូច្នេះ​ក្រសួង​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ពិសេស​បងប្អូន​ប្រជាកសិករ​ដែល​ប្រកបរបរ​កសិកម្ម​នៅអម​សងខាង​ទន្លេ​ទាំងអស់​ ​សូម​រួសរាន់​ក្នុង​ការ​ប្រមូល​កសិផល​ ​និង​សូម​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ ​ដើម្បី​ចៀសវាង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​


ពាក្យទាក់ទង