បញ្ជូនជនសង្ស័យដែលពូកែ​ខាងលួច​៣នាក់ទៅតុលាការ


ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសចោរកម្ម ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ កែវ បូរី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថាបានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គូបពី ពណ៌ក្រហមលាយស កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចមុខវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖ ១-ឈ្មោះ មាន ឈឿត ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ យ៉េង យឿ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីរមានទីលំនៅមិនពិតប្រាកដ ៣-ឈ្មោះ ជុំ ជុង ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកទិញ) និងដកហូតម៉ូតូដែលជនសង្ស័យ លួចបាន ចំនួន១គ្រឿងផងដែរ ។

នៅចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបាន ធ្វើសកម្មភាពលួចម៉ូតូដែលមានភិនភាគ ដូចក្នុងបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជុំ ជុង ពិតប្រាកដមែន ។

ក្រោយឃាត់ខ្លួន និងសាកសួរ ក្រុមជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ទៅម្ចាស់ដើមវិញហើយ ៕

ដោយ ៖ សម្បត្តិសីហា

បញ្ជូនជនសង្ស័យដែលពូកែ​ខាងលួច​៣នាក់ទៅតុលាការ


ពាក្យទាក់ទង