វាយប្លន់ស្ត្រីម្នាក់យក​កាបូប គេចខ្លួនបាន៣ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន


ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្ក្រាបឃាត់ខ្លួន ក្រោយធ្វើសកម្មភាពវាយប្លន់ស្ត្រីម្នាក់ ហើយ​បាន​គេចខ្លួនអស់រយៈពេល៣ថ្ងៃ។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យ​ដឹងថា ការ​ឃាត់ខ្លួន​បាន​ធ្វើឡើងកាលពីវេលាម៉ោង ១៧និង១០នាទី នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យមាន​ឈ្មោះ សេក ផល្លា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរអ្នករត់តាក់ស៊ីមានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកប្រធានការិយាល័យបានបន្តថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០០និង៣៧នាទី ជនរងគ្រោះឈ្មោះ ធី រត្ថា ភេទស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានជិះម៉ូតូចេញពីកន្លែងធ្វើការដើម្បីទៅសម្រាកនៅក្នុងផ្ទះជួល លុះមកដល់ចំណុចផ្ទះជួលជនរងគ្រោះក៏បានចុះពីលើម៉ូតូ រួចចាក់សោទ្វារផ្ទះ ភ្លាមនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ បានបើកទៅក្បែរ រួចចុះពីលើរថយន្ត ហើយវាយទៅលើជនរងគ្រោះ ចំថ្គាម និងប្លន់យកកាបូបយួរដៃ ហើយ​ជនសង្ស័យក៏បានឡើងជិះរថយន្តគេចខ្លួនបាត់។

ក្រោយហេតុការណ៍ស្ត្រីជាជនរងគ្រោះបានមកដាក់ពាក្យប្តឹង ភ្លាមនោះសមត្ថកិច្ចក៏បានដាក់កម្លាំងចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានមុខសញ្ញាជនសង្ស័យខាងលើទើបឈានដល់ការបង្ក្រាបនាំខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ រៀម សាលី

វាយប្លន់ស្ត្រីម្នាក់យក​កាបូប គេចខ្លួនបាន៣ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
វាយប្លន់ស្ត្រីម្នាក់យក​កាបូប គេចខ្លួនបាន៣ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន


ពាក្យទាក់ទង