ចូលទៅលួចគេនៅ​ក្នុងផ្ទះទាំងកណ្តាលយប់ ដល់​ម្ចាស់ដេញចាប់ រត់ចោលម៉ូតូ


ខេត្តប៉ៃលិន ៖ ចោរម្នាក់បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​នូវ​ម៉ូតូ​មួយ​គ្រឿង ក្រោយ​ពីជិះម៉ូតូនោះ​ចូលទៅលួចឥវ៉ាន់ ក្នុងផ្ទះអ្នកភូមិម្នាក់ តែ​ត្រូវ​ម្ចាស់ភ្ញាក់ទាន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៦នាទីទាបភ្លឺ ថ្ងៃទី២៥ កុម្ភៈ នេះ នៅចំណុចផ្ទះ១ខ្នងទើបនឹងសាងសង់ថ្មី ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នគរបាលឲ្យ​ដឹងថា ជនរងគ្រោះ ដែលចោរចូលក្នុងផ្ទះបម្រុងលួចទ្រព្យសម្បត្តិ មានឈ្មោះ ជា ណាត ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិកររស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល២៥ឆ្នាំ បាន​រត់គេចខ្លួន ដោយ​បន្សល់ម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ បិតតែមស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1K-8850 ។

តាម​ម្ចាស់​ផ្ទះ​ឲ្យដឹងថា ខ្លួន​បានប្តូរទីតាំងផ្ទះរបស់ខ្លួន ដែលធ្លាប់រស់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទៅសាងសង់ផ្ទះនៅកន្លែងផ្សេងត្រង់ចំណុចកើតហេតុខាងលើ ។

ផ្ទះថ្មីនេះ មិនទាន់សាងសង់រួចរាល់នៅឡើយទេ ដោយមានតែទ្វារខាងមុខសម្រាប់បិទផ្ទប់បណ្តោះអាសន្នប៉ុណ្ណោះ ។ ចំណែកទ្វារខាងក្រោយ គឺនៅចំហរ លុះដល់វេលាម៉ោង៣ទាបភ្លឺ បន្ទាប់ពីគាត់ងើបបត់ជើងតូចរួច ក៏ឡើងទៅលើគ្រែដេកសម្ងំវិញ អត់ទាន់លង់លក់នៅឡើយទេ, ពេលនោះ ស្រាប់តែឃើញមានយុវជនម្នាក់ ដើរចុះឡើងៗ ក្បែរកន្លែងលោកដេក ដោយស្មានថា ជាមិត្តភក្តិកូនរបស់ខ្លួន ក៏ចាំមើលបន្តទៀត លុះដឹងថាជាចោរ ក៏ស្ទុះចេញពីមុង ដើម្បីសង្គ្រប់ចាប់ ។

តែចោរនោះ​ក៏​ស្ទុះរត់​ចេញទៅក្រៅ ហើយលោកក៏រត់ដេញតាមពីក្រោយ និងស្រែកឲ្យ​ប្រជាពលរដ្ឋក្នុងភូមិជួយដេញតាមដែរ ។ ប៉ុន្តែដោយសារខ្លួនរត់ដេញអត់ស្បែកជើង ហើយឈឺជើង ក៏ឈប់ដេញតាម រួចប្តឹងនគរបាលឲ្យ​ចុះទៅត្រួតពិនិត្យតែម្តង ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើ​ការ​ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកម៉ូតូ ត្រូវ​យក​ទៅ​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍នគរបាល៕

អត្ថបទ៖ ឡោ សុខហៃ

ចូលទៅលួចគេនៅ​ក្នុងផ្ទះទាំងកណ្តាលយប់ ដល់​ម្ចាស់ដេញចាប់ រត់ចោលម៉ូតូ


ពាក្យទាក់ទង