ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី២២​ ​ខែសីហា​ ​កម្ពុជា​ ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ ​តាម​តំបន់​

ទំហំអក្សរ៖

(ភ្នំពេញ) ៖ ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​បាន​បង្ហាញថា​ ​ចាប់ពី​ថ្ងៃនេះ​ ​រហូតដល់​ថ្ងៃទី២២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ប្រទេស​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ ​ទៅតាម​តំបន់​តែប៉ុណ្ណោះ​។​

​ក្រសួង​បាន​បញ្ជាក់​ថា​ ​ក្រោយ​តាមដាន​លើ​អាកាសធាតុ​ឃើញថា​ ​បច្ចុប្បន្ន​នេះ​មាន​ជ្រលង​សម្ពាធ​ទាប​កំពុង​អូស​បន្លាយ​លើ​កម្ពុជា​ ​ទន្ទឹម​នឹង​ខ្យល់មូសុង​និរតី​ខ្សោយ​ផង​ដែរ​ ​។​ ​តែបើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ថា​ ​ចាប់ពី​ថ្ងៃទី២០​ ​ខែសីហា​ ​ខ្យល់មូសុង​និរតី​នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ​។​

​ដោយស្ថាន​ភាព​បែបនេះ​ ​នឹង​ធ្វើឲ្យ​ ​១​.​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម​ ​នឹងអាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

​២​.​ចាប់ពី​ថ្ងៃទី១៦​-​១៨​ ​ខែសីហា​ ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់នឹង​ប្រទេស​វៀតណាម​ ​នឹងអាច​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ ​និង​ចាប់ពី​ថ្ងៃទី១៩​-​២២​ ​ខែសីហា​ ​ភ្លៀង​នឹងអាច​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​ ​និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​៣​.​បណ្តា​ខេត្ត​ចាប់ពី​ភាគ​កណ្តាល​ទៅ​ភាគ​ខាងលើ​ ​ចាប់ពី​ថ្ងៃទី១៦​-​១៨​ ​ខែសីហា​ ​នឹងអាច​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ ​និង​ចាប់ពី​ថ្ងៃទី១៩​-​២២​ ​ខែសីហា​ ​ភ្លៀង​នឹងអាច​ធ្លាក់​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​។​

​និង​ ​៤​.​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ ​មាន​ខេត្តកោះកុង​ ​និង​ខេត្ត​ព្រះសីហនុ​ ​ចាប់ពី​ថ្ងៃទី១៦​-​១៩​ ​នឹងអាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​ ​និង​ចាប់ពី​ថ្ងៃទី២០​-​២២​ ​ខែសីហា​ ​ភ្លៀង​នឹងអាច​ធ្លាក់​នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​៕​

ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី២២​ ​ខែសីហា​ ​កម្ពុជា​ ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ ​តាម​តំបន់​