អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បុគ្គលិកជាប់កិច្ចសន្យា និងមន្រ្ដីបុគ្គលិកធម្មតា​របស់រដ្ឋទាំងអស់ ត្រូវមានវត្តមាននៅការិយាល័យឲ្យ​បានត្រឹមត្រូវបំផុត


រាជធានីភ្នំពេញ៖ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ដែល​ធ្វើ​ឡើង​នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​កាលពីព្រឹកមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបានប្រាប់​ដល់​បុគ្គលិកជាប់កិច្ចសន្យា និងមន្រ្ដីបុគ្គលិកធម្មតានៅតាមក្រសួង​ស្ថាប័នរដ្ឋទាំងអស់​ត្រូវមានវត្តមាននៅការិយាល័យឲ្យ​បានត្រឹមត្រូវបំផុត ដើម្បីបំពេញទៅតាមតួនាទី និងការងារនៅតាមអង្គភាពរបស់ខ្លួន។

ការថ្លែងនេះ គឺបន្ទាប់ពីអ្នក​សារព័ត៌​​មានបានចោទសួរជុំវិញបញ្ហាមន្រ្តីខ្មោច ឬនិយាយម្យ៉ាងទៀតថាមន្រ្តីដែល​មានតែ​ឈ្មោះ ប៉ុន្តែអាចបើកប្រាក់ខែបាន និងមន្រ្តីដែលមានឈ្មោះ ប៉ុន្តែមិនមកធ្វើការងារ ដែល​បញ្ហានេះ​កើតមាននៅតាមក្រសួងស្ថាប័នដែរឬទេ។

លោក ផៃ ស៊ីផាន បានថ្លែងថា កំណែទម្រង់របស់រាជរដ្ឋាភិបាលគឺ​ដើម្បីដោះ​ស្រាយបញ្ហាមន្រ្តីខ្មោចនេះ គឺតម្រូវឲ្យ​សាម៉ីខ្លួនមានគណនីនៅធនាគារផ្ទាល់ខ្លួន ដើម្បីបើក​លុយខ្លួនឯងដែលតម្រូវឲ្យ​មានឈ្មោះ និងរូបថតជាដើម។ លោកថា ប្រសិន​បើមានមន្រ្តីខ្មោចមែននោះ គឺមិនមានរូបថត និងឈ្មោះទៅបើកលុយនោះទេ។

លោក ផៃ ស៊ីផាន បានបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងតែពង្រឹង​ សារាចរ និង​អនុក្រឹត្យបន្ថែមទៀត ដើម្បីធ្វើឲ្យ​វត្តមានបុគ្គលិករបស់យើងនៅការិយាល័យឲ្យ​បាន​ត្រឹមត្រូវ៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បុគ្គលិកជាប់កិច្ចសន្យា និងមន្រ្ដីបុគ្គលិកធម្មតា​របស់រដ្ឋទាំងអស់ ត្រូវមានវត្តមាននៅការិយាល័យឲ្យ​បានត្រឹមត្រូវបំផុត