ក្រសួងសេដ្ឋកិច្ច ​​​​អនុគ្រោះប្រាក់ពិន័យ​ចំពោះ​យានយន្ត​ដែល​បាន​មិន​បាន​បង់ពន្ធ​រយៈ​ពេល​៣ឆ្នាំចុងក្រោយ


រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង​ហិញ្ញវត្ថុ កាលពី​ដើម​សប្តាហ៍​នេះ បាន​សម្រេច​ធ្វើ​ការ​អនុគ្រោះ​ចំពោះ​យានជំនិះគ្រប់ប្រភេទ​ចំនួន​៣ឆ្នាំចុង​ក្រោយ គឺ​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដោយ​លើក​លែង​ប្រាក់ពិន័យ​ទោស​ទណ្ឌ​លើរថយន្ត​ដែល​មិន​បាន​បង់ពន្ធ​ពីមុន​មក នៅពេល​ម្ចាស់​យានយន្ត​ដាក់ពាក្យ​​សុំ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​សិទ្ធិ​យានយន្ត។

យោង​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច ផ្ញើ​ជូន​រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ម្ចាស់​យានយន្ត​ដែល​បាន​ទិញ​លក់បន្ត​ដៃគ្នា ហើយ​មិន​បាន​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ត្រូវ​ទៅ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​តាមនីតិវិធី និង​បែប​បទ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ ចំពោះ​យានយន្ត​ដែល​មិន​បាន​បង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះគ្រប់ប្រភេទ​ពីមុន​មក នឹង​អនុគ្រោះ​ឲ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់ប្រភេទ​យ៉ាង​ច្រើន​បំផុត​ចំនួន​៣ឆ្នាំ​ចុងក្រោយ ដោយ​លើ​កលែង​ប្រាក់ពិន័យ​ទោស​ទណ្ឌ។

ការអនុគ្រោះ និង​ការ​លើក​លែង​នេះ អនុវត្ត​ចំពោះ​តែ​យានយន្ត​ដែល​បាន​ស្នើ​សុំផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​សុពល​ភាព​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២០។ ហើយ​ការ​អនុគ្រោះ និង​ការ​លើក​លែង​ខាង​លើ មិន​មាន​អានុភាព​ប្រតិសកម្ម​ចំពោះ​ប្រាក់ពន្ធ និង​ប្រាក់ទោសទណ្ឌផ្សេងៗ​ដែល​បាន​បង់រួច​ហើយ​នោះទេ៕

ក្រសួងសេដ្ឋកិច្ច ​​​​អនុគ្រោះប្រាក់ពិន័យ​ចំពោះ​យានយន្ត​ដែល​បាន​មិន​បាន​បង់ពន្ធ​រយៈ​ពេល​៣ឆ្នាំចុងក្រោយ


ពាក្យទាក់ទង