កាំកុងត្រូលរកឃើញនំបាញ់ឌុកលក់​នៅ​ផ្សារ​សំរោងយ៉ោង​មានសារធាតុគីមីប៊ូរ៉ាក់


ខេត្ត​តាកែវ៖ នៅព្រឹក​ថ្ងៃព្រហស្បត្តិ៍នេះ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ បាន​ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជា​ច្រើន​​មុននៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងស្រុកបាទី ហើយ​បានធ្វើត្តេស៍​បឋមរកឃើញសារធាតុគីមីប៊ូរ៉ាក់ នៅក្នុង​នំបាញ់ឌុក។

លោក ប៉ោ លាងគង់ ប្រធានសាខាបានថ្លែងឲ្យដឹងបន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទំនិញថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានធ្វើត្តេស៍បឋមទៅលើចំណីអាហារ និងបន្លែ រួមនឹងនំបង្អែម ជាច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានប៉ូរ៉ាក់ ដែលជាសារធាតុគីមីនៅក្នុងនំបាញ់ឌុក ហើយក៏​បាន​ធ្វើការដកហូតយកមកបំផ្លាញចោលភ្លាមៗផងដែរ ដោយ​មាន​ទម្ងន់​ជិត១០គីឡូក្រាម ។

លោក លាងគង់ ថា សារធាតុគីមីប៊ូរ៉ាក់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋណាដែលបរិភោគដោយ​បង្កឲ្យមានបញ្ហា​តម្រង​នោម ឈឺក្បាល រលាកប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់​មនុស្ស​ធំពេញ​វ័យ​លាយចាប់ពីកម្រិត៧ដល់៣៥ក្រាម បណ្តាលឲ្យស្លាប់ សម្រាប់មនុស្សចាស់ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូតធ្លាក់ឈាម ​និងស្លាប់បាន។

ជាមយយ​គ្នា​មន្រ្តីជំនាញ ក៏​បានចុះបិទ Poster និងចែកជូនបងប្អូនប្រជាពលរដ្ឋ រួមនឹងអាជីវករ ដើម្បីឲ្យពួកគាត់បានដឹងកាន់​តែ​ច្រើនបន្ថែមទៀតពីសុវត្ថិភាពចំណីអាហារ ព្រោះនៅក្នុង Poster នេះដែរ មានរូបភាព​ជាច្រើន​ដែលបង្ហាញពីអាហារណាគួរប្រើប្រាស់ ឬយកមកបរិភោគ និងគ្រឿងកំប៉ុង​ណា​គួរទិញឬមិនគួរទិញ និង​របៀប ពីការទុកដាក់លក់របស់អាជីវករ ហើយអ្វីដែលសំខាន់គឺទាំងអាជីវករ និងប្រជាពលរដ្ឋ ពួកគាត់ ពេញចិត្តចំពោះសកម្មភាពរបស់មន្រ្តីជំនាញកាំកុងត្រូល ដែលបានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ និង​អប់រំ​ពួកគាត់បានយល់ដឹងច្រើនពីសុវត្ថិភាពចំណីអាហារនេះ៕

អត្ថបទ៖ វណ្ណា

កាំកុងត្រូលរកឃើញនំបាញ់ឌុកលក់​នៅ​ផ្សារ​សំរោងយ៉ោង​មានសារធាតុគីមីប៊ូរ៉ាក់
កាំកុងត្រូលរកឃើញនំបាញ់ឌុកលក់​នៅ​ផ្សារ​សំរោងយ៉ោង​មានសារធាតុគីមីប៊ូរ៉ាក់
កាំកុងត្រូលរកឃើញនំបាញ់ឌុកលក់​នៅ​ផ្សារ​សំរោងយ៉ោង​មានសារធាតុគីមីប៊ូរ៉ាក់