ករណី​ប្រធានមន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​ ​ACU​ ​រក​ឃើញ​លុយ​ពុករលួយ​ជិត៤០ម៉ឺន​ដុល្លារ​

ទំហំអក្សរ៖

រាជធានីភ្នំពេញ ៖ ​ករណី​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ ​ខេត្តពោធិ៍សាត់​ ​ព្រមទាំង​អនុប្រធាន​របស់​ខ្លួន​ ​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​)​ ​ធ្វើការ​ឃាត់ខ្លួន​កាលពី​ចុងខែ​កក្កដា​ ​កន្លងទៅ​នេះ​ ​ឥឡូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​បាន​បង្ហាញថា​ ​ខ្លួន​បាន​រក​ឃើញ​លុយ​ជិត៤០ម៉ឺន​ដុល្លារ​អាមេរិក​ ​ដែល​ប្រធានមន្ទីរ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​រយៈពេល៣ឆ្នាំ​កន្លងមក​។​

ករណី​ប្រធានមន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់​ ​ACU​ ​រក​ឃើញ​លុយ​ពុករលួយ​ជិត៤០ម៉ឺន​ដុល្លារ​

​នៅក្នុង​របាយការណ៍​ ​នៃ​កិច្ចប្រជុំ​លើក​ទី៤៨​ ​អាណត្តិ​ទី២​ ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ ​បាន​បញ្ជាក់​ថា​ ​តាម​ការស្រាវជ្រាវ​រកបាន​ភស្តុតាង​របស់​ ​ACU​ ​និង​តាម​ការ​សារភាព​របស់​សា​ម៉ី​ខ្លួន​ ​តាំងពី​ឆ្នាំ២០១៦មក​ ​លៀម​ ​ប៊ុនរឿន​ ​ដែល​ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ ​ខេត្តពោធិ៍សាត់​ ​បាន​យក​លុយ​សេវា​ក្រៅច្បាប់​ចំនួន​ ​១៤០ករណី​ ​បាន​ប្រាក់​ ​៣៧២.៧៤៧ដុល្លារ​ ​(​សាមសិប​ប្រាំពីរ​ម៉ឺន​ ​ពីរ​ពាន់​ ​ប្រាំពីរ​រយ​សែសិប​ប្រាំពីរ​ដុល្លារ​)​ ​និង​ជាង​ ​៤៩លាន​រៀល​ ​ដោយ​មិនទាន់​រាប់​ករណី​ ​ដែល​លោក​ ​លៀម​ ​ប៊ុនរឿន​ ​បាន​ទទួល​ប្រាក់​ ​២ម៉ឺន​ដុល្លារ​ ​ដែល​ ​ACU​ ​បាន​ទទួល​ពាក្យ​បណ្តឹង​ចុងក្រោយ​នោះ​ផង​។​

​ជាមួយគ្នា​ ​ACU​ ​ក៏បាន​រក​ឃើញ​លុយ​ចំនួន​ ​១៧.៥២៩ដុល្លារ​ ​និង​ ​១៦.២៥០.០០០រៀល​ ​ក្នុង​នោះ​មាន​លុយ​ដែល​ដាក់​ក្នុង​ស្រោម​សំបុត្រ​ចំនួន៦ស្រោម​សំបុត្រ​ ​និង​ឯកសារ​មួយចំនួន​ ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ការិយាល័យ​របស់​លោក​ ​លៀម​ ​ប៊ុនរឿន​ ​នៅ​ថ្ងៃទី២៧​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ដែល​សា​ម៉ី​ខ្លួន​ទទួលស្គាល់​ថា​ ​ជា​លុយ​បាន​ដោយ​ខុសច្បាប់​មួយចំនួន​។​

​ACU​ ​បញ្ជាក់​ថា​ ​ជា​រួម​ក្រោយពី​ទទួល​តំណែង​ជា​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ ​ខេត្តពោធិ៍សាត់​ ​ពីឆ្នាំ២០១៦មក​ ​រហូតដល់​ថ្ងៃ​ត្រូវ​បាន​ឃាត់ខ្លួន​ ​លោក​ ​លៀម​ ​ប៊ុនរឿន​ ​បាន​ប្រើប្រាស់​ប្រាក់​ដែល​ជា​ផល​ ​នៃ​បទល្មើស​ក្នុង​ការ​ជួសជុលផ្ទះ​ចំនួន៤ម៉ឺន​ដុល្លារ​ ​និង​ទិញ​ផ្ទះ​ពីរ​កន្លែង​តម្លៃ​សរុប​ចំនួន២៤ម៉ឺន​ដុល្លារ​អាមេរិក​,​ ​ទិញ​ដី​មួយ​កន្លែង​ទៀត​តម្លៃ​ ​៤ម៉ឺន៤ពាន់​ដុល្លារ​ ​ហើយ​សង់ផ្ទះ​ត្រចៀកកាំ​អស់​ ​៤ម៉ឺន​ដុល្លារ​ទៀត​,​ ​ដូរឡាន​ ​Lexus​ ​570​ ​ទិញ​ឡាន​ ​KIA​ ​PICANTO​ ​ដើម្បី​ទុកដាក់​ប្រាក់​ពី​ផល​បទល្មើស​របស់​ខ្លួន​៕​


ពាក្យទាក់ទង