ក្រុមហ៊ុន​ចិន​មួយ​ចង់​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ​និង​លូ​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​

ទំហំអក្សរ៖

​ខេត្តព្រះសីហនុ​ ​៖​ ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​មួយ​ដែល​មានឈ្មោះ​ថា​ ​Yunnan​ ​បាន​សម្តែង​បំណង​ចង់​ធ្វើការ​វិនិយោគ​ទៅលើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ​និង​ទឹក​កខ្វក់​នៅក្នុង​ក្រុង​ព្រះសីហនុ​ ​បន្ទាប់ពី​មើលឃើញ​ថា​ ​ក្រុង​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​ក្នុង​ជំនួប​ជាមួយ​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​នៅ​ព្រឹក​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​លោក​ ​Lu​ ​Guo​ ​Bing​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Yunnan​ ​បាន​មានប្រសាសន៍​ថា​ ​ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​ ​គឺ​ទាមទារ​នូវ​ហេដ្ឋារចនាសម្ពន្ធ​ជាច្រើន​ ​ពិសេស​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ​និង​លូ​ទឹក​កខ្វក់​ ​ដើម្បី​លើក​កម្ពស់​សោភណ័​ភាព​ ​បរិស្ថាន​ទីក្រុង​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​កសិកម្ម​ ​និង​ទេសចរណ៍​។​

ក្រុមហ៊ុន​ចិន​មួយ​ចង់​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ​និង​លូ​ទឹក​កខ្វក់​នៅ​ក្រុង​ព្រះសីហនុ​

​លោក​ថា​ ​ក្រុមហ៊ុន​របស់​លោក​បាន​មក​សិក្សា​ខ្លះ​ៗ​នូវ​ប្រព័ន្ធ​លូ​ទាំងពីរ​ប្រភេទ​នេះ​ ​នៅ​ក្រុង​ព្រះសីហនុ​ ​តាំងពី​ឆ្នាំ២០១៣​ ​ក៏ប៉ុន្តែ​មិនទាន់​បាន​លម្អិត​ ​និង​ស៊ីជម្រៅ​ ​ហើយ​ប្រសិនជា​រដ្ឋបាល​ខេត្ត​អនុញ្ញាតិ​ ​ក្រុមហ៊ុន​លោក​នឹង​សិក្សា​ប្លង់​លម្អិត​ ​ដើម្បី​ដាក់​ជូន​រដ្ឋបាល​ខេត្ត​ ​ធ្វើការ​ពិនិត្យ​ ​។​ ​

​យ៉ាងណាក៏ដោយ​ ​លោក​ ​គួច​ ​ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ​និង​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ​ ​ក៏ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​មាន​ផែនការ​ ​គម្រោង​ប្លង់​គោល​ ​ថា​តើមាន​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ​ ​លូ​ទឹក​កខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ​ ​ទំហំ​លូ​ ​មុខកាត់​ប៉ុន្មាន​ម៉ែត្រ​ ​ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង​ ​បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ​ ​ហើយ​ការសាងសង់​រយះ​ពេល​ប៉ុន្មាន​ខែ​ ​ឆ្នាំ​ ​និង​តម្លៃ​ ​ដើម្បី​រដ្ឋបាល​ខេត្ត​យក​ដាក់​ជូន​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ពិនិត្យ​ ​វាយតម្លៃ​ ​អនុម័ត​ ​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​អភិបាលខេត្ត​ក៏បាន​ស្នើរ​ឲ្យ​ក្រុមហ៊ុន​សិក្សា​ឲ្យបាន​ចប់​មុន​ថ្ងៃ២៧​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដើម្បី​យក​ទៅ​ដាក់​ជូន​ក្រសួងសេដ្ឋកិច្ច​ ​សិក្សា​វាយតម្លៃ​ថា​ ​តើ​គម្រោង​នេះ​អាច​ទទួលយក​បាន​ ​ឬមិន​បាន​តាម​លក្ខណ​ជាក់ស្តែង​ ​ដើម្បី​កែ​លម្អ​សោភ័ណភាព​បរិស្ថាន​ក្រុង​ទេសចរណ៍​នា​ទិសនិរតី​៕​


ពាក្យទាក់ទង