ពាក់ព័ន្ធនឹង​វីរុសកូរ៉ូណាថ្មី រដ្ឋមន្រ្តីក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ភ័យ​ខ្លាច​ហួសហេតុ


រាជធានីភ្នំពេញ៖ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយកាលពី​ថ្ងៃម្សិលមិញ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ហួសហេតុ​ពាក់ព័ន្ធនឹង​ជំងឺ​រលាកសួតប្រភេទ​ថ្មី (Covid-19)។

ជាមួយ​គ្នា​លោក​រដ្ឋមន្រ្តី បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​អនុវត្ត​ន៍​វិធានការ​ការពារ​ខ្លួន​សំខាន់ៗចាំបាច់ដូចជា៖

១.ជៀសវាងប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច ឬ​អ្នក​ជំងឺ​ដែល​សង្ស័យ។

២.លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹកស្អាត) ឬ​អាល់​កុល​លាង​ដៃ ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់។

៣.បើ​លោក​អ្នក​ក្អក ឬ​កណ្តាស់ ត្រូវ​ខ្ទប់​មាត់​និង​ច្រមុះ ដោយ​ពាក់​ម៉ាស់ ឬ​ប្រើ​កន្សែង ក្រម៉ា ឬ​ក្រដាស់ជូតមាត់។

៤.ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (ខ្ទប់​មាត់ និង​ច្រមុះ នៅ​ពេល​ក្អក ឬ​កណ្តាស់ លាង​ដៃ​បន្ទាប់ពី​មាន​ប៉ះជាមួយទឹក​រំអិល​ពីផ្លូវ​ដង្ហើម និង​រក្សា​ចម្ងាយ​ច្រើន​ជាង​១ម៉ែត្រ ពី​បុគ្គល​ដែលមាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ស្រួចស្រាវ ឬ​អ្នក​ដែល​ក្អក កណ្តាស់​ជា​ដើម)។

៥.ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ ឬ​កាត់​បន្ថយ​ទៅ​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​ក្នុង​ករណី​មិន​ចាំបាច់ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ​ឬកន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុង​ចរាចរ។ ចាំបាច់​ត្រូវ​លាង​ដៃនឹង​សាប៊ូ ឲ្យ​បាន​ទៀងទាត់​មុនពេល និង​បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុផ្សេងៗ​ដែល​អាច​ជា​ប្រភព​ចម្លង​រោគ។

៦.ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តន៍​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជាពិសារ​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ជាពិសេស​សាច់ និង​ស៊ុត។

៧.បុគ្គលិកសុខាភិបាលដែល​ផ្តល់​ការ​ថែទាំ​អ្នកជំងឺ និង​ក្រុម​ការងារ​ដែល​អនុវត្តន៍​វិធានចត្តាលីស័កទាំងអស់ ត្រូវ​តែ​ប្រកាន់​ខ្ជាប់នូវ​វិធានការណ៍​បង្ការការ​ចម្លងរោគ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល ឬ​ទីតាំង​ដែល​បំពេញ​ភារកិច្ច​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​សុខាភិបាល ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺនេះ​ម​កបុគ្គលខ្លួនឯង។

៨.ប្រសិន​បើ​សង្ស័យថា ឆ្លង​ជំងឺរលាកសួត​ដោយ​វីរុស​កូរ៉ូណាប្រភេទថ្មីនេះ ដោយ​មាន​រោគ​សញ្ញា​ដូចជា គ្រុនក្តៅលើសពី៣៨អង្សាសេ និង​មាន​រោគ​សញ្ញា​មួយ​យ៉ាងតិច​ក្នុង​ចំណោម ក្អក ហូរសំបោរ ឈឺ​បំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិធ្វើដំណើរ​ម​ពី​ប្រទេស​ចិន ឬ​បាន​ប៉ះពាល់ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម ក្នុង​អំឡុង​១៤ថ្ងៃមុន​ចេញ​រោគសញ្ញា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវមិន​ដឹង​អំពី​អត្តសញ្ញាណ​ច្បាស់លាស់ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន​ហេតុ​ការណ៍ ១១៥ និង​ស្វែង​រក​ការ​ពិនិត្យព្យាបាល​នៅ​តាម​មូលដ្ឋានសុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​លោកអ្នក ឲ្យ​បាន​ឆាប់​ជាទីបំផុត៕

ពាក់ព័ន្ធនឹង​វីរុសកូរ៉ូណាថ្មី រដ្ឋមន្រ្តីក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ភ័យ​ខ្លាច​ហួសហេតុ


png