ក្រសួងសុខាភិបាល​កម្ពុជា ស្នើ​ឲ្យ​ម៉ាឡេស៊ី​ពិនិត្យ​ឡើងវិញ ក្រោយ​ពី​រកឃើញ​ជនជាតិអាមេរិក​ដែល​ចាកចេញពី​នាវា Westerdam មាន​ផ្ទុកវីរុស Covid-19

ក្រសួងសុខាភិបាល​កម្ពុជា​នៅ​យប់មិញ​នេះ បាន​​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើ​ការពិនិត្យ​ឡើងវិញ អំពី​លទ្ធផល នៃ​ការ​ធ្វើ​តេស្ត ក្រោយ​ពី​ប្រទេស​មួយ​នេះ បាន​ប្រកាស​ថា គេ​បាន​រកឃើញ​ស្រ្តី​ជនជាតិ​អាមេរិកាំង​ម្នាក់​ អាយុ​៨៣ឆ្នាំ ជាអ្នក​ទេសចរ​ចាកចេញពី​នាវា Westerdam មាន​ផ្ទុក​វីរុស Covid-19។

ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា មុន​ការ​ចាក​ចេញ​របស់​បុគ្គល​រូបនេះ ក៏​ដូចជា​អ្នក​ទេសចរ​ដ៏ទៃ​ទៀត​ពីនាវា ក្រសួង​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ និង​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​អង្គការ USCDC របស់អាមេរិក ហើយ​ក៏​បាន​អនុវត្ត​តាម​ស្តង់ដារ​បច្ចេកទេស និង​និយ័តកម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ​២០០៥ របស់អង្គកការ​សុខភាពពិភពលោកផងដែរ។

យោង​តាម​ការ​ផ្សាយ​របស់ CNA បានឲ្យដឹងថា មានអ្នកទេសចរ​នៅ​លើ​នាវា Westerdam ចំនួន ១៤៥នាក់​បាន​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃសុក្រ ហើយស្រ្តី និង​ប្តីជនជាតិ​អាមេរិក​នោះ ត្រូវ​គេ​រកឃើញ​រោគ​សញ្ញា នៅ​ពេល​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ Sungai Buloh ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យបន្ត​ទៀត។

ក្រោយ​ការ​ធ្វើ​ពិនិត្យ​កាលពី​ថ្ងៃសៅរ៍ គេ​បាន​រកឃើញ​តេស្តវិជ្ជមាន​ទៅ​លើ​ស្រ្តី​ជាប្រពន្ធ ចំណែក​ឯប្តី​របស់​គាត់​ដែលមាន​អាយុ​៨៥ឆ្នាំ អវិជ្ជមាន ហើយ​ពេលនេះ​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​មន្ទីរពេទ្យ៕

png