ក្រសួងគាំទ្រ​ដល់​គម្រោង​បង្កើត​តំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» នៅ​ទឹកដីរាមខេត្តព្រះសីហនុ


រាជធានីភ្នំពេញ៖ ក្នុង​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ រវាង​​ក្រសួង​រៀបចំដែនដី, ក្រសួងទេសចរណ៍, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា, ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ធ្វើ​ការ​គាំទ្រចំពោះ​ការ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ «នាគរាជ» ដែល​ស្ថិត​នៅ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុកព្រៃនប់។

គម្រោងនេះ លាត​សន្ធឹងលើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ ៣០៨១ហិកតា ដែល​ជា​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ពិសេស​ការ​ភ្ជាប់​ឆ្នេរ​សមុទ្រ​រាម ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរ​ឈើទាល ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ដោយ​បណ្តាញ​ផ្លូវ​ធំៗ និង​ហេដ្ឋារចនា​សម្ព័ន្ធថ្មីៗដែល​បាន​និង​កំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល។

បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំដែនដី​ថា តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​ពិសិដ្ឋ​គំរូ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ ដោយ​ផ្តល់​ប្រយោជន៍សេដ្ឋកិច្ច សង្គម ព្រមទាំង​ចូលរួម​សម្រេច​ចក្ខុវិស័យ​ជាយុទ្ធសាស្រ្ត​ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់រដ្ឋបាល​សេដ្ឋកិច្ចពិសេស​ពហុបំណង​ ស្រប​តាម​ផែនការ​យុទ្ធ​សាស្រ្ត​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ «ទីក្រុង​រាម» នៅ​ក្នុង​តំបន់ទេសចរណ៍​នាគ​រាជ ដែល​ស្នើ​ដោយ​ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបមិន លើ​ផ្ទៃ​ដីទំហំ ៨៣៤ហិកតា​ផងដែរ ដោយ​គម្រោង​នេះ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា នឹង​មានទុនវិនិយោគ​រហូត​ដល់ ១៦ពាន់លានដុល្លារ ហើយវា​នឹង​ក្លាយ​ជា​តំបន់​ដែល​មាន​សក្តានុពល​ធំ​បំផុត​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា៕

ក្រសួងគាំទ្រ​ដល់​គម្រោង​បង្កើត​តំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» នៅ​ទឹកដីរាមខេត្តព្រះសីហនុ
ក្រសួងគាំទ្រ​ដល់​គម្រោង​បង្កើត​តំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» នៅ​ទឹកដីរាមខេត្តព្រះសីហនុ


png