ផ្សារឃ្លាំងរំសេវ នឹងឈប់​ឲ្យ​មាន​ការ​លក់ដូរនៅចុងខែមេសាខាងមុខ


រាជធានីភ្នំពេញ៖ ផ្សារ​ឃ្លាំង​រំសេវ ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ថា មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ នឹង​បញ្ឈប់​លែង​ឲ្យ​មាន​ការ​លក់ដូរ ចាប់ពីចុងខែមេសាខាង​មុខ ដើម្បី​យកទីតាំងនោះ​ទៅ​សាងសង់អគារទំនើបវិញ។

យោង​តាម​សេចក្តីជូនដំណឹង​របស់មេធាវីតំណាង​អាណត្តិ​របស់​លោក​ឧកញ៉ា ស៊ី គង់ទ្រីវ បាន​បញ្ជាក់ថា ដើម្បី​អភិវឌ្ឍ​ឲ្យ​មជ្ឈមណ្ឌល​ម៉ុង​ឌីយ៉ាល់​មាន​សោភ័ណ​ភាព​ស្រស់​បំពង្រង ក៏​ដូចជា​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​រាជធានីភ្នំពេញ​ក្លាយ​ជាទីក្រុង​ដ៏​ស្រស់​ស្អាត​សក្តិ​សម​ជា​បេះ​ដូង​នៃព្រះរាជាណាចក្រ​កម្ពុជា ម្ចាស់ទីតាំង​ត្រូវ​ការ​ទីតាំង​ដីផ្សារ​នេះ​ធ្វើ​ការ​សាងសង់​អគារ​ថ្មី​ទំនើប​ទាន់សម័យ។

ដូច្នេះ​ចាប់ពីថ្ងៃជូនដំណឹង​នេះ​តទៅ បងប្អូន​អាជីវករ​ទាំងអស់​ដែល​បាន​ជួល​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ ត្រូវ​រក​ទីតាំង​ថ្មី​ដើម្បី​ប្រកប​អាជីវកម្ម​លក់ដូររៀងៗ​ខ្លួន ហើយ​ផ្សារ​ត្រូវបិទជា​ស្ថាពរនៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២០ ហើយ​មជ្ឈមណ្ឌល​ម៉ុង​ឌីយ៉ាល់​នឹង​ចាប់​ផ្តើម​សាងសង់អគារ​ថ្មី​លើទីតាំងដីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខ។

ក្នុង​រយៈពេល​៣ខែ ម្ចាស់ទីតាំង​ពុំ​គិត​ប្រាក់ឈ្នួល​តូប​ប្រចាំ​ខែ និង​ថ្លៃ​ប្រើប្រាស់​ចរន្ត​អគ្គិសនី​ឡើយ គឺខែកុម្ភៈ ខែមីនា និង​ខែមេសា ឆ្នាំ​២០២០៕

ផ្សារឃ្លាំងរំសេវ នឹងឈប់​ឲ្យ​មាន​ការ​លក់ដូរនៅចុងខែមេសាខាងមុខ


png