ធ្លាប់ជាប់​គុក៣ដងមិនរាង ឥឡូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ម្តង​ទៀតពាក់ព័ន្ធ​រឿងឆក់តាមផ្លូវ​សាធារណៈ


ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចាប់បញ្ជូនទៅតុលាការជាលើកទី៤ ក្រោយជាប់ពន្ធនាគារ៣ដងមិនរាងចាលពាក់ព័ន្ធករណីលួច និងឆក់។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឲ្យ​ដឹងថា នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាលើកទី៤នេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់កែវមុន្នី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ខេន ស្រីណាន ភេទស្រី អាយុ ២១ឆ្នាំរស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ជនសង្ស័យខាងលើនិងបក្ខ​ពួកម្នាក់ផ្សេងទៀតដែលរត់គេចខ្លួន កាលពីវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ បានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកមាសទំងន់៧ជី ពីជនរងគ្រោះខាងលើនៅត្រង់ចំណុចក្រុមទី០២ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការជាលើកទី៤៕ រៀម សាលី

ធ្លាប់ជាប់​គុក៣ដងមិនរាង ឥឡូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ម្តង​ទៀតពាក់ព័ន្ធ​រឿងឆក់តាមផ្លូវ​សាធារណៈ


ពាក្យទាក់ទង