គ្រោះថ្នាក់​ចរាចរណ៍​ដាច់ជើងម្ខាង ផ្តល់​សំណង​ឲ្យ​ជនរងគ្រោះ​ត្រឹម​៤លាន​រៀល


ខេត្តកំពង់ឆ្នាំង៖ បុរសជាជនរងគ្រោះដាច់ទាំងជើងម្ខាងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ម្នាក់ បានធ្វើ​ការអំពាវនាវ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍ ក្រោយ​រូប​គាត់​រង​គ្រោះ​រហូត​ដល់​ដាច់​ជើង​ម្ខាង តែ​ភាគី​បង្ក​ផ្តល់​សំណង​ឲ្យ​គាត់​ត្រឹម​តែ​៤លាន​រៀល​ ឬ​ស្មើ​១ពាន់​ដុល្លារ​ប៉ុណ្ណោះ។

ជនរងគ្រោះ​ក្នុង​ករណីគ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ដាច់ជើង​នេះ​មាន​ឈ្មោះ ប៊ុត សំប៊ុន អាយុ​៣៩ឆ្នាំ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ដើម​ខែកុម្ភៈ នេះ នៅលើកំណាត់​ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខវិទ្យាល័យហ៊ុនសែនរលាប្អៀរជើង ដោយមានរថយន្តកាមរី មួយគ្រឿងបាន​បុកខណៈ​បើក​ម៉ូតូ​ឆ្លង​ផ្លូវ បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបានគ្រូពេទ្យកាត់ជើងផ្នែកខាងស្តាំចេញ។

បើ​តាម​ការ​រៀបរាប់​របស់​បងស្រីជនរងគ្រោះ​ថា ក្រោយពេលកើតហេតុ ជនបង្ករបានឲ្យ​តំណាងរបស់ខ្លួនមកធ្វើការសម្របសម្រួលក្រៅប្រពន្ឋ័តុលាការ ដោយគេសុំសង ២លានរៀល ខណៈ ដែលរូបគាត់សុំត្រឹមតែ៦លានរៀលប៉ុណ្ណោះ ព្រោះប្អូនប្រុសគាត់ បានទៅព្យាបាលដល់មន្ទីរពេទ្យខេត្តបាត់ដំបង អស់ប្រាក់ប្រមាណជិត ៨ លានរៀល ឬស្មើនឹង ២ពាន់ដុល្លារ ហើយពេលនេះ គ្មានប្រាក់ព្យាបាលបន្ត ក៏សម្រេចយកមកផ្ទះវិញ ដោយរកពេទ្យឯកជននៅក្នុងភូមិជួយព្យាបាលបន្ត ប៉ុន្តែភាគីជនបង្ករ មិនព្រមសំណងតាមការស្នើសុំទេ គឺដោយចោទប្អូនប្រុសគាត់ជាអ្នកខុស ហើយក៏​បានតម្លើងសំណងដល់ត្រឹមតែ៤លានរៀល។

ករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពី​ភាគី​បង្ក​បាន​ទេ តែ​យ៉ាងណាលោក ពៅ ដារ៉ា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រុំ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខវិទ្យាល័យហ៊ុនសែនរលាប្អៀរជើង ដោយមានរថយន្តកាមរី១គ្រឿងបើកបរក្នុងល្បឿនលឿន បុកម៉ូតូជនរងគ្រោះ ខណៈឆ្លងថ្នល់ជិតផុតទៅហើយ ដោយបុកអូសចម្ងាយ​ជាង១៥ម៉ែត្រ ។ លោកមេប៉ុស្តិ៍​បានឲ្យ​ដឹងបន្ថែមទៀតថា ករណីគ្រោះថ្នាក់ខាងលើនេះ គឺនៅខាងមុខសាលារៀន ដែលមានទាំងស្លាកសញ្ញាបន្ថយល្បឿន និងមានទាំងស្លាកសញ្ញាសត្វពាហនៈឆ្លងកាត់ផងដែរ៕ សាន្តផល្លា

គ្រោះថ្នាក់​ចរាចរណ៍​ដាច់ជើងម្ខាង ផ្តល់​សំណង​ឲ្យ​ជនរងគ្រោះ​ត្រឹម​៤លាន​រៀល
គ្រោះថ្នាក់​ចរាចរណ៍​ដាច់ជើងម្ខាង ផ្តល់​សំណង​ឲ្យ​ជនរងគ្រោះ​ត្រឹម​៤លាន​រៀល


png