រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក ក្លាយជារឿងឃាតកម្មសម្លាប់មនុស្ស


ខេត្ត​បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃធ្វើការឃាត់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសំណុំរឿងឃាតកម្មសម្លាប់មនុស្ស ផ្តើមចេញពីរឿង មាន់ជុះអាចម៌ដាក់កន្លែងដេក។

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានសង្គ្រោះជនរងគ្រោះម្នាក់ឈ្មោះ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកធ្វើការសំណង់នៅ ស្រុកម៉ាឡៃ តែគេ​បាន​ស្លាប់​ពេល​ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យឈ្មោះ អូន ខួច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិបន្ទាយជ័យ ឃុំបន្ទាយជ័យ ស្រុកចំការលើ ខេត្តកំពង់ចាម ជាកម្មករសំណង់ជាមួយគ្នា រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក រហូតជនសង្ស័យទប់កំហឹងមិនបានក៏​យកកាំបិតបត់ស្ទុះចាក់ទៅលើជនរងគ្រោះចំទ្រូងក្រោមដោះខាងឆ្វេង បណ្ដាលឲ្យចុក ហូឈាមរហូតស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកម៉ាឡៃ។

លោកបន្តថា ក្រោយបង្កហេតុ ជនសង្ស័យបានរត់គេចខ្លួន តែក៏ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ សម្បត្តិ សីហា

រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក ក្លាយជារឿងឃាតកម្មសម្លាប់មនុស្ស
រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក ក្លាយជារឿងឃាតកម្មសម្លាប់មនុស្ស
រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក ក្លាយជារឿងឃាតកម្មសម្លាប់មនុស្ស


ពាក្យទាក់ទង