ក្រុមហ៊ុនជប៉ុននឹង​ចូល​មកវិនិយោគនៅកម្ពុជា​ ពិសេស​នឹង​ចូលរួមដេញថ្លែលេីការប្រមូលសំរាម


ក្នុងជំនួបនៅវិមានសន្តិភាព លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ១២ ខែកុម្ភ: នេះបានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាលោកបានមើលឃើញនិង វាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើបរិយាកាសវិនិយោគ របស់ជប៉ុន។  ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយទៀតសោត ការវិនិយោគរបស់ជប៉ុន កំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថាចំនួនអ្នកវិនិយោគជប៉ុន នឹងមកកាន់កម្ពុជាកាន់តែច្រើន ហើយក៏ មានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននិងស្ថាប័ននៃប្រទេសទាំងពីរ លោកថា ជប៉ុនកំពុងតែធ្វើការសហការ ជាមួយក្រសួងរ៉ែនិងថាមពល លើវិស័យអគ្គិសនី ដោយបានពិភាក្សាជាមួយលោក ស៊ុយ សែម ម្ដងហើយ និងពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអគ្គិសនី។លោកនឹងរៀបចំផែនការមេ សម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេ ក្នុងការពង្រីកពង្រឹង វិនិយោគកំពង់ផែក្រុងព្រះសីហនុ ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្ត ជាបន្តបន្ទាប់។

ទន្ទឹមនោះ ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញ លើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយការយកចិត្តទុកដាក់ នៅពេលនេះលើវិស័យសំរាមតែម្ដង ដែលវិស័យសំរាមនេះ គឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុន ចំនួន៣ ដែលមានចំណាប់អារម្មណ៍ មកវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ លោកថា ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែកដេញថ្លៃ ក្នុងការប្រមូលសំរាមនៅកម្ពុជា។

លោកបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជា លើវិស័យដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយកំពុងតែពិចារណាផ្ដល់ថវិកាបន្ថែម ដល់អង្គភាពនេះ ហើយក៏កំពុងពិចារណារៀបចំ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំនេះ និងកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ខាងមុខ ហើយជប៉ុនក៏កំពុងពិចារណា ផ្ដល់ថវិកាជួយដល់កម្ពុជា ក្នុងការទិញរថយន្ត និងសម្ភារៈសម្រាប់ការប្រើប្រាស់ ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២ ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា  បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណា សម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជា នឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគ មានការទាក់ទាញកាន់តែខ្លាំងឡើង។

ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំ ជួយសហការធ្វើផែនការមេនេះ សម្ដេចបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា។ 

ដោយឡែក បញ្ហាការប្រមូលសំរាម សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញ មានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ៦០០គីឡូម៉ែត្រក្រឡា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ, ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ៕

ក្រុមហ៊ុនជប៉ុននឹង​ចូល​មកវិនិយោគនៅកម្ពុជា​ ពិសេស​នឹង​ចូលរួមដេញថ្លែលេីការប្រមូលសំរាម
ក្រុមហ៊ុនជប៉ុននឹង​ចូល​មកវិនិយោគនៅកម្ពុជា​ ពិសេស​នឹង​ចូលរួមដេញថ្លែលេីការប្រមូលសំរាម


ពាក្យទាក់ទង

png