ក្រសួងអប់រំណែនាំ​ដល់​គ្រប់គ្រឹះស្ថានសិក្សា​សាធារណៈ ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុងថ្ងៃទី១៤កុម្ភៈ


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅ​ថ្ងៃនេះ បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​សាធារណៈ និង​ឯកជនទាំងអស់ ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ ក្រោយ​​ក្រសួងសង្កេត​ឃើញថា ​មាន​សិស្សានុសិស្ស​មួយ​ចំនួនតូច​យល់ច្រឡំ​ថា ថ្ងៃ១៤កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួបគ្នា​រវាង​គូស្នេហ៍ ដែល​ធ្វើ​ឲ្យ​យុវជន​ភ្លើត​ភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរបុគ្គល និង​ក្រុម​គ្រួសារ ប្រាសចាក​ វប្បធម៌ និង​ប្រពៃណីជាតិ​របស់ខ្មែរ។

ដូច្នេះ​ក្រសួងអប់រំ​ស្នើ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់មធ្យោបាយ ដូចជាតាម​រយៈការ​ប្រជុំ​នៅ​ពេល​គោរព​ទង់ជាតិ​កុំ​ឲ្យ​មាន​ការយល់​ខុស​អំពីអត្ថន័យ នៃទិវា​នៃក្តីស្រឡាញ់។

ជាមួយ​គ្នា​ក៏​ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​ឲ្យ​បាន​ម៉ឺតម៉ាត់ ជាពិសេស​លើ​ការ​គ្រប់គ្រង​សីលធម៌ ដោយ​តាមដាន​អវត្ត​មាន​របស់​សិក្សា​នុសិស្ស​ជាប្រចាំ, ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុម​ប្រឹក្សាយុវជន ក្រុម​ប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព​ «មិត្ត​អប់រំមិត្ត»។

គ្រឹះស្ថានសិក្សា ក៏​ត្រូវ​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស និង​សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធនឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​ទប់ស្កាត់ អប់រំណែនាំ​កែលម្អ​សិស្សានុសិស្ស​បាន​ទាន់ពេល​វេលា៕

ក្រសួងអប់រំណែនាំ​ដល់​គ្រប់គ្រឹះស្ថានសិក្សា​សាធារណៈ ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុងថ្ងៃទី១៤កុម្ភៈ


png