ជនជាប់ចោទ​ ​នួន​ ​ជា​ ​បាន​ទទួលមរណៈភាព​

ទំហំអក្សរ៖

​(ភ្នំពេញ) -- មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​បាន​ជូនដំណឹង​មក​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​អ.វ.ត.ក​)​ ​ថា​ ​ជនជាប់ចោទ​ ​នួន​ ​ជា​ ​បាន​ទទួលមរណៈភាព​នៅ​វេលា​ម៉ោង​ ​១៨​ ​ល្ងាច​ ​ថ្ងៃទី៤​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅ​មន្ទីរពេទ្យ​។​

ជនជាប់ចោទ​ ​នួន​ ​ជា​ ​បាន​ទទួលមរណៈភាព​

​គ្រួសារ​របស់​ ​នួន​ ​ជា​ ​ត្រូវ​បាន​ផ្តល់​ដំណឹង​អំពី​មរណៈ​ភាព​របស់​គាត់​។​

​នួន​ ​ជា​ ​កើត​នៅ​ថ្ងៃទី០៧​ ​ខែកក្កដា​ ​ឆ្នាំ១៩២៦​ ​មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​ ​សមាជិក​គណៈកម្មាធិការ​អ​ចិន្​រៃ្តយ៍​ ​និង​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា​ ​និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០០៧​។​

​នួន​ ​ជា​ ​ត្រូវ​បាន​រក​ឃើញថា​ ​មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​និង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​នៅក្នុង​សំណុំរឿង​ ​០០២​/​០១​ ​កាលពី​ថ្ងៃទី០៧​ ​ខែសីហា​ ​ឆ្នាំ២០១៤​។​ ​នៅ​ថ្ងៃទី២៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៦​ ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ ​បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន​ ​ប៉ុន្តែ​តម្កល់​ការ​ផ្តន្ទា​ទោស​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​។​ ​នៅ​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​នួន​ ​ជា​ ​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​និង​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ​ឆ្នាំ១៩៤៩​ ​នៅក្នុង​សំណុំរឿង​ ​០០២​/​០២​ ​ជាមួយ​ ​ខៀវ​ ​សំ​ផន​។​ ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ​បាន​រួមបញ្ចូល​ទោស​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​នៅក្នុង​សំណុំរឿង​ ​០០២​/​០១​ ​និង​សំណុំរឿង​ ​០០២​/​០២​ ​ទៅជា​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​ ​តែមួយ​៕​


ពាក្យទាក់ទង