ជនរងគ្រោះដោយសារគ្រាប់មីន ទទួលអំណោយពីអាជ្ញាធរមីនកម្ពុជា និងចលនាយុវជនកម្ពុជា(ក្រុម១៥៧)

ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន៣០០នាក់ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ បានទទួលអំណោយពីអាជ្ញាធរមីនកម្ពុជា និងចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ នៅនឹងបរិវេណវត្តថ្មពួក ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាន៍លើកឡើងពីប្រវត្តិជូចត់ខ្លះ ៗ ដែលប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ បានឆ្លងកាត់ក្នុងសម័យសង្គ្រាម ដែលជាស្លាកស្នាមដ៏ដែលមិនអាចបំភ្លេចបាន និងលើកឡើងផងដែរថា បន្ទាប់ពីខេត្តបាត់ដំបង គឺខេត្តបន្ទាយមានជ័យនេះហើយ ដែលមានបងប្អូនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ច្រើនជាងគេលំដាប់ទី២ ទូរទាំងប្រទេសកម្ពុជាយើង ។

ក្នុង​ឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា រហូតដល់ពេលនេះ កម្ពុជាកំពុងនៅមានអ្នករងគ្រោះជាច្រើននាក់ក្នុងមួយឆ្នាំៗ ជាក់ស្តែងប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៧៩ ដល់ ខែធ្នូ ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន/ស.ផ.ស. ស្លាប់ របួស និង ពិការ ចំនួន៦៤៨៥៥នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន ៨៨៧៧នាក់ (បាត់បង់អវយវៈ ១៤៤០នាក់ របួស ៥១៨៥នាក់ និងស្លាប់ ២២៥១នាក់) គឺស្មើនឹង១៣.៧0% ធៀបនឹងចំនួនជនរងគ្រោះសរុបទូទាំងប្រទេសកម្ពុជា។

តាមកាតព្វកិច្ចនេះ កម្ពុជាបានបង្កើតលិខិតបទដ្ឋានជាតិ មួយចំនួនដើម្បីគាំទ្រដល់ជនពិការ ដោយសារមីន និងជនពិការដោយកត្តាផ្សេងៗរួមមាន៖ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយធ្វើឲ្យមានបរិយាប័ណ្ណដល់ជនពិការគ្រប់ប្រភេទ ផ្តល់កូតាការងារនៅតាមស្ថាប័នរដ្ឋនិងឯកជន និងបង្កើតស្ថាប័នមូលនិធិជនពិការ អង្គភាពរដ្ឋបាលការពារសិទ្ធិជនពិការជាដើម។

គួរបញ្ជាក់ថា ពិធីសំណះសំណាល់ខាងលើ បានធ្វើការចែលអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ បងប្អូនជនពិការចំនួន៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១២កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីវ៦ដប ស្កសរ១គីឡូក្រាម អំបិលអ៊ីយ៉ូត១គីឡូក្រាម ប៊ីចេង១កញ្ចប់ សាប៊ូ១គីឡូក្រាម អាវស១ សារ៉ុង១ ថវិការ៣ម៉ឺនរៀល៕

អត្ថបទ៖ សម្បត្តិ សីហា