ក្រសួងសុខាភិបាលថា អ្នក​ផ្ទុក​វីរុសកូរ៉ូណា​នៅ​ខេត្តព្រះសីហនុមាន​សុខភាព​ធម្មតា និង​រក​មិន​ឃើញ​វីរុសនេះ​ទៀតទេ


រាជធានីភ្នំពេញ ៖ ក្នុង​សេចក្តីជូន​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅរសៀល​ថ្ងៃនេះ ក្រសួង​សុខាភិបាល​កម្ពុជាបាន​បញ្ជាក់ថា ជនជាតិ​ចិន​ដែល​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​កាលពីថ្ងៃទី២៧ ខែមករា មក​ទល់បច្ចុប្បន្ន​មាន​សុខភាព​ល្អ​ប្រសើរ​ដូចធម្មតា រី​ឯការ​ធ្វើតេសលើ​វត្ថុវិភាគ​របស់អ្នកជំងឺរូប​នេះដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺរក​មិន​ឃើញ​វត្ត​មាន​វីរុស​នោះទៀត​ទេ គិត​ត្រឹម​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២០២​នេះ។

យ៉ាងណាក៏ដោយ ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់​លាស់ តាម​ការ​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក អ្នក​ជំងឺ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយទេ ដោយ​ទុកតាមដាន​បន្ថែម​ទៀត​រហូត​ដល់​ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការ​ធ្វើ​តេស្តសារជាថ្មី​ម្តង​ទៀត ទៅ​តាម​វិធានវេជ្ជសាស្រ្ត​ក្នុង​ការ​បញ្ជាក់​នូវ​ភាព​ជា​សះស្បើយ​ដោយ​មិន​មាន​វីរុស​កូរ៉ូណាថ្មី​ពិត​ប្រាកដ​របស់អ្នកជំងឺ។

នៅ​ពេល​ដែល​ការ​វិភាគ​ធ្វើ​តេស្ត​បង្ហាញ​លទ្ធផល​អវិជ្ជមាន​វីរុសកូរ៉ូណាថ្មីនេះជា​លើកទី៣ នៅ​ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ​២០២០​នោះ ក្រសួង​នឹង​រៀបចំ​តាម​លក្ខណៈបច្ចេកទេស​ឲ្យ​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​តែម្តង ហើយ​សមាជិក​ក្រុម​គ្រួសារ​គាត់​បីនាក់​ទៀត​ដែល​មាន​អវិជ្ជមាន​វីរុស​កូរ៉ូណាថ្មី​នេះ ក៏​នឹង​បាន​រួច​ផុតពីការ​សង្កេត​តាមដាន​សុខភាព​ចំនួន១៤ថ្ងៃ ស្រប​ពេល​ជាមួយ​គ្នា​ទៅ​នឹង​ការ​ចាកចេញ​ពីមន្ទីរពេទ្យ​របស់អ្នក​ជំងឺ​ខាង​លើ​នោះ​ផងដែរ៕

ក្រសួងសុខាភិបាលថា អ្នក​ផ្ទុក​វីរុសកូរ៉ូណា​នៅ​ខេត្តព្រះសីហនុមាន​សុខភាព​ធម្មតា និង​រក​មិន​ឃើញ​វីរុសនេះ​ទៀតទេ


ពាក្យទាក់ទង