យន្តហោះរុស្ស៊ីទីពីរ ជម្លៀសមនុស្ស ៦៤នាក់បន្ថែមទៀតពីទីក្រុងវូហាន


ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះកងទ័ពអាកាសរុស្ស៊ីទី២ ត្រូវបានបញ្ជូនទៅជម្លៀសពលរដ្ឋរុស្ស៊ីចេញពីទីក្រុងវូហាន ប្រទេសចិន និង​បានចុះចតនៅ​ទីក្រុង Tyumen ជាមួយនឹងការជម្លៀសមនុស្សចំនួន ៦៤នាក់នៅលើយន្តហោះ។

មនុស្សទាំងអស់ដែលត្រូវបានគេដឹកទៅទីក្រុង Tyumen នឹងត្រូវរក្សាទុករយៈពេល ១៤ថ្ងៃ​នៅឯកន្លែងស្នាក់នៅ​បណ្តោះ​អាសន្នដែលបានកំណត់ជាក់លាក់។

នៅពេលមុននេះ យន្តហោះដឹកអ្នកដំណើរដំបូងបានជម្លៀសមនុស្សចំនួន ៨០នាក់ ចេញពីទីក្រុងវូហាន ហើយបាន​បញ្ជូនពួកគេទៅទីក្រុង Tyumen រួមទាំងជនបរទេសពីរនាក់ផងដែរ ដោយម្នាក់មកពីតាជីគីស្ថាន និងម្នាក់ទៀតមកពីអាមេនី។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យ​កង​កម្លាំងអាកាសចរណ៍បញ្ជូនយន្តហោះដើម្បីជម្លៀសពួកគេ ហើយយន្តហោះពីរគ្រឿងបានចាកចេញពីទីក្រុងវូហានកាលពីថ្ងៃ​អង្គារ។

យោងតាមប្រធានទីស្នាក់ការកណ្តាលការពារជំងឺឆ្លង វីរុសនេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី​ លោក Tatiana Golikova បានឱ្យដឹងថា មនុស្សចំនួ​ន ១៤៧នាក់នឹងត្រូវជម្លៀសទៅកាន់ប្រទេសរុស្ស៊ី ដោយក្នុងនោះមានជនជាតិបេឡារុសចំនួន ១០នាក់ ជនជាតិកាហ្សាក់ស្ថានចំនួន ៣នាក់ ជនជាតិអាមេនីចំនួន ១នាក់ និងជនជាតិអ៊ុយក្រែនចំនួន ១នាក់៕

យន្តហោះរុស្ស៊ីទីពីរ ជម្លៀសមនុស្ស ៦៤នាក់បន្ថែមទៀតពីទីក្រុងវូហាន


png