ប្រធានរដ្ឋឡាវ នឹង​មក​ទស្សនកិច្ច​កម្ពុជា​ចុងសប្តាហ៍​នេះ


រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ឲ្យដឹងថា លោក ប៊ុនញ៊ាំង វរជីត អគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធានរដ្ឋ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ចុងសប្តាហ៍​នេះ។

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា លោក ប៊ុនញ៊ាំង វរជីត នឹង​ចូល​គាល់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ព្រះ​បរម​រាជវាំង, បន្ទាប់​មក​នឹង​មាន​ជំនួបដោយ​ឡែកពីគ្នា​ជាមួយ​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ប៊ុនញ៊ាំង វរជីត នៅ​កម្ពុជា ត្រូវ​បាន​ចាត់​ទុកថា គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បន្ថែមទៀត ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និង​យូរ​អង្វែង ក៏​ដូចជា​រឹត​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាង​ប្រទេស​និង​ប្រជាជន ដែល​ជា​អ្នក​ជិត​ខាង​ល្អទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងថែមទៀត៕

ប្រធានរដ្ឋឡាវ នឹង​មក​ទស្សនកិច្ច​កម្ពុជា​ចុងសប្តាហ៍​នេះ ប្រធានរដ្ឋឡាវ នឹង​មក​ទស្សនកិច្ច​កម្ពុជា​ចុងសប្តាហ៍​នេះ