សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងប៉េកាំង ប្រទេសចិន


ប៉េកាំង ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី៥ ខែកុម្ភៈ នេះ បានដឹក​នាំគ​ណៈ​ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅដល់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិត​​ចិន​ហើយ។

ជើងហោះហើរលេខ ០០១ របស់​កម្ពុជា បា​នចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ប្រកបដោយសុវត្តិភាព កាលពីវេលា​ម៉ោ​ង​១៥​និង​១៥នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ត្រូវនឹងម៉ោង១៤​​និង១៥​នាទី ម៉ោងនៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងប៉េកាំង ប្រទេសចិន

ពេលទៅ​ដល់ទីក្រុង​ប៉េកាំងភ្លាម គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​បាន​ការ​​ធ្វើគារវកិច្ចស្វាគមន៍យ៉ាង​ស្និទ្ធ​ស្នាលរាក់ទាក់បំផុត ពីសំណាក់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ ​និ​ង​​​ជារដ្ឋមន្រ្តីការបរទេសចិន។

ក្រោមអាកាស​ធា​តុ​ដក ៤អង្សាសេ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តម វ៉ាង យី ទី​ប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើការសន្ទនាគ្នាប្រកបដោយភាពកក់ក្តៅ ពិ​​សេសទាក់ទិនទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណ​រដ្ឋ​ប្រជាមានិតចិន ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅ​មួយថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងប៉េកាំង ប្រទេសចិន

នៅចំពោះ​មុខសម្តេចតេជោនាយក​រដ្ឋ​មន្រ្តី លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បាន​ថ្លែងនូវអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជា​ឥស្សរជនកំពូលរបស់ពិភពលោក ដែ​លបានអញ្ជើញមកកាន់រដ្ឋធានីប៉េកាំង ស្របពេល​ដែល​ប្រទេសចិនកំពុងរងឥទ្ធិពល នៃ​ការ​ផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណាវីរ៉ុស នៅទីក្រុង​វ៉ូហាន ខេត្តហ៊ូប៉ី។

សម្តេចតេជោ​នាយ​ករដ្ឋមន្រ្តី បានសម្ដែង​នូវភាពរីករាយ ក្នុងការឆ្លើយតបទៅនឹង​លោកទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋ​មន្រ្តីការបរទេសចិន ពីឆន្ទៈនៃ​ការគោរពស្រឡាញ់មិត្តភក្តិ ដែល​ជួបប្រទះនូវការលំបាក និង​ក្តី​គោរពស្រឡាញ់ចំពោះប្រជាជនចិន ជាបងប្អូននៃយើង។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងប៉េកាំង ប្រទេសចិន

សូមបញ្ជាក់ថា នៅរដ្ឋធានីប៉េកាំង សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសន្ទនា ដោយ​ផ្ទា​ល់ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន មុនពេលដែលសម្តេច​តេជោ​​អ​ញ្ជើ​ញ​និវត្តន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនារាត្រីថ្ងៃដដែលនេះដែរ៕