អាមេរិកជំរុញអង់គ្លេសលុបចោល គម្រោង​ 5G របស់ Huawei


អង់គ្លេសដែល​ជា​សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក កាលពីពេលថ្មីៗនេះ បាន​អនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei ចូលរួមបង្កើតបណ្តាញសេវា 5G នៅប្រទេស​របស់ខ្លួន ដោយ​ព្រងើយ​កន្តើយ​នឹង​ការ​ព្រមាន​របស់​អាមេរិក ។ សកម្មភាពនេះ បានធ្វើឲ្យអ្នកនយោបាយអាមេរិកខឹងសម្បាយ៉ាងខ្លាំង ។

ពេលនេះក្រុមអ្នកនយោបាយអាមេរិក ចំនួន៤២នាក់ បានជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស ពិនិត្យនូវការសម្រេចចិត្តរបស់ខ្លួនឡើងវិញ ចំពោះការអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ដំឡើងបណ្ដាញ 5G នៅក្នុងប្រទេសនេះ។

អាមេរិកជំរុញអង់គ្លេសលុបចោល គម្រោង​ 5G របស់ Huawei

យោងតាមលិខិតមួយច្បាប់ ​ចុះថ្ងៃទី៣០ ខែមករា​ ដែលទទួលបានដោយ Defence News​ បានឲ្យដឹងថា​ សមាជិកសភាអាមេរិក មានការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងបណ្ដាញទិន្នន័យថ្មីរបស់ចក្រភពអង់គ្លេស។ អ្នកនយោបាយអាមេរិក បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាសន្ដិសុខជាតិ ហើយ​ថា ការសម្រេចចិត្តរបស់អង់គ្លេសបែបនេះ គឺប្រកបដោយគ្រោះថ្នាក់បំផុត។

លោក Boris Johnson នាយករដ្ឋមន្រ្ដីអង់គ្លេស បានសម្រេចចិត្តប្រកបដោយភាពចម្រូងចម្រាស ចំពោះការអនុញ្ញាតដល់ក្រុមហ៊ុនចិន នៅក្នុងបណ្ដាញទិន្នន័យរបស់ខ្លួននាពេលអនាគត។

អាមេរិកជំរុញអង់គ្លេសលុបចោល គម្រោង​ 5G របស់ Huawei

នៅក្នុងលិខិត ដែលបានបែកធ្លាយ កាលពីថ្ងៃទី៤ ខែកុម្ភៈ សមាជិកសភាអាមេរិក បានជំរុញយ៉ាងខ្លាំងដល់គណៈកម្មាធិការការពារជាតិរបស់សភាអង់គ្លេស ត្រូវតែពិចារណាឡើងវិញ ចំពោះការសម្រេចចិត្ដប្រើប្រាស់ 5G របស់ក្រុមហ៊ុនចិន។

អាមេរិក បានចាត់ទុកថា រដ្ឋាភិបាល និងវិស័យឧស្សាហកម្ម នៅក្នុងប្រទេសចិន ធ្វើការរួមគ្នា ដើម្បីពង្រីកឥទ្ធិពល នៃបក្សកុម្មុយនីស្ដចិន។ អាមេរិក បានដាក់ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយសារព្រួយបារម្ភថា ក្រុមហ៊ុនចិនមួយនេះ មានទ្វារក្រោយ សម្រាប់យកការណ៍សម្ងាត់ទៅឲ្យរដ្ឋាភិបាលចិន៕


ពាក្យទាក់ទង

png