សម្តេចតេជោ ៖ កិច្ច​ប្រជុំ​កំពូលពិភពលោក​នៅ​កូរ៉េ ជា​វេទិកា​ដ៏​សំខាន់សម្រាប់​ផ្លាស់ប្តូរ​ទស្សនៈលើ​ការ​អភិវឌ្ឍ​ស្ថានភាព​តំបន់ និង​សកល


កូរ៉េ ៖ ក្នុង​សន្ទរកថា​ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​ពិភពលោកឆ្នាំ២០២០ នៅ​សាធារណរដ្ឋ​កូរ៉េ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ថ្លែងថា កិច្ចប្រជុំកំពូលពិភពលោកនេះ គឺជាវេទិកាដ៏សំខាន់ដែលបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំមកពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈលើការអភិវឌ្ឍស្ថានភាពតំបន់ និងសកលដើម្បីចូលរួមចំណែករកវិធីដោះស្រាយបញ្ហាប្រឈមរួមរបស់យើង សំដៅរក្សាសន្តិភាព សន្តិសុខ និងចីរភាពនៃការអភិវឌ្ឍន៍មនុស្សជាតិសម្រាប់ពិភពលោក។

សម្តេចតេជោ ៖ កិច្ច​ប្រជុំ​កំពូលពិភពលោក​នៅ​កូរ៉េ ជា​វេទិកា​ដ៏​សំខាន់សម្រាប់​ផ្លាស់ប្តូរ​ទស្សនៈលើ​ការ​អភិវឌ្ឍ​ស្ថានភាព​តំបន់ និង​សកល

សម្តេចតេជោបន្តទៀតថា តាមរយៈប្រធានបទនៃវេទិកានេះ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខដុមរមនារបស់ប្រជាជនក្នុងសកលលោក។ សន្តិភាពគឺជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍន៍។ ប៉ុន្តែសន្តិភាពសាកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយដោយសារការវិវឌ្ឍទៅរកក្របខណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពនៃអំណាចសកល។

សម្តេចតេជោ ៖ កិច្ច​ប្រជុំ​កំពូលពិភពលោក​នៅ​កូរ៉េ ជា​វេទិកា​ដ៏​សំខាន់សម្រាប់​ផ្លាស់ប្តូរ​ទស្សនៈលើ​ការ​អភិវឌ្ឍ​ស្ថានភាព​តំបន់ និង​សកល

សម្ដេចតេជោបានថ្លែងបន្តទៀតថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន កម្ពុជាយល់ឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព៕