ក្រសួងការបរទេស​ប្រកាសថា គ្មានករណីឆ្លង​វីរុសកូរ៉ូណា ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​នៅ​ប្រទេស​ចិនទេ


រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៅថ្ងៃនេះ បានធ្វើការប្រកាសថា មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពុំ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ដ៏​កាច​សាហាវ​មក​លើពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ចិន​នោះទេ។

ការប្រកាស​នេះ គឺធ្វើ​ឡើង​ក្រោយ​ពី​មាន​សាធារណមតិ​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ពលរដ្ឋ​ ក៏​ដូចជា​និស្សិត​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ចិន ទី​ដែល​មេរោគ​ដ៏​កាចសាហាវនោះ​កំពុង​រាតត្បាត។

ក្រសួងការបរទេស​ប្រកាសថា គ្មានករណីឆ្លង​វីរុសកូរ៉ូណា ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​នៅ​ប្រទេស​ចិនទេ

ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជាបាន​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុតចំពោះ​ស្ថានការណ៍​វិវត្ត នៃ​ការ​រាល​ដាល​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណានេះ ហើយថា ក្រសួង និង​បណ្តា​ស្ថាន​តំណាង​របស់​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាមានិតចិន បានធ្វើការ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​ក្រសួង​ការបរទេស​ចិន ដើម្បី​តាម​ដាន​បច្ចុប្បន្ន​ភាព នៃ​សុខុមាលភាព​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិតចិន។

ជាមួយ​គ្នា​នេះ ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ជួយ​ឧបត្ថម្ភ និង​តាមដាន​សុខុមាលភាព​របស់ពលរដ្ឋ​យើង ជាពិសេស​និស្សិត​ខ្មែរ​ដែលកំពុងស្នាក់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និង​ស្ថានតំណាង​កម្ពុជា បានបង្កើតបណ្តាញ WeChat ជាមួយ​និស្សិត​ខ្មែរ​នៅ​តាម​តំបន់​នានា នៅ​ប្រទេសចិន ដើម្បី​សំរួល​ដល់ទំនាក់ទំនង និង​ការ​ផ្តល់ព័ត៌មាន​បាន​ទាន់ពេល​វេលា ហើយ​ទន្ទឹម​នឹង​នេះ ក្រសួ​ងការបរទេស ក៏​បាន​រៀបចំ​ប្រព័ន្ធទូរស័ព្ទ​សម្រាប់​មាតាបិតា​អាណាព្យាបាលនិស្សិត​ដែលកំពុង​ស្នាក់អាស្រ័យ​នៅ​ប្រទេស​ចិន ដែលចង់​បាន​ព័ត៌មានបន្ថែម ឬ​មាន​ចំងល់​ទាក់ទង​នឹង​សុវត្ថិភាព និង​សុខភាព​និស្សិត​ខ្មែរផងដែរ៕

ក្រសួងការបរទេស​ប្រកាសថា គ្មានករណីឆ្លង​វីរុសកូរ៉ូណា ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​នៅ​ប្រទេស​ចិនទេ
ក្រសួងការបរទេស​ប្រកាសថា គ្មានករណីឆ្លង​វីរុសកូរ៉ូណា ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​នៅ​ប្រទេស​ចិនទេ