មិនទាន់បាត់ភ័យពីវីរុសកូរ៉ូណាផង ឥឡូវ​ផ្ទុះវីរុសផ្តាសាយបក្សីទៀតហើយ​នៅប្រទេសចិន


ចិន ៖ ខណៈ​ដែល​ជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ដ៏កាចសាហាវ មាន​ប្រភព​មកពី​ប្រទេស​ចិន កំពុង​ធ្វើ​ឲ្យ​​ពិភព​លោកព្រួយ​បារម្ភ​នោះ ឥឡូវ​នេះ​មាន​សេចក្តី​រាយការណ៍មកថា ជំងឺ​ផ្តាសាយបក្សី H5N1 ដែលធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាចកាលពីប៉ុន្មាន​ឆ្នាំ​មុន​នោះ បាន​ផ្ទុះឡើងសាជាថ្មី​ម្តង​ទៀត នៅ​កសិដ្ឋាន​មួយកន្លែង​ ក្នុង​ក្រុង Shaoyang ភាគខាងត្បូង នៃខេត្ត Hunan ប្រទេសចិន។

បើ​តាម​​ក្រសួងកសិកម្ម និងកិច្ចការជនបទ​ចិនឲ្យដឹងថា ករណីនេះ បាន​កើតឡើង​នៅ​កសិដ្ឋាន​មួយ ដែល​មាន​មាន់ ៧៨៥០ក្បាល ​ក្នុងនោះ ៤៥០០ក្បាល បាន​ស្លាប់​ដោយសារ​ផ្ដាសាយ​បក្សី។

ជាមួយ​គ្នា​នេះ ជាវិធានការ​បន្ទាន់ អាជ្ញាធរ​ បាន​សម្លាប់​បក្សី​ជាច្រើនម៉ឺនក្បាល ដើម្បីទប់ស្កាត់​ការរីករាលដាល​នេះ។

យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់របស់​បណ្តាញ​ព័ត៌មាន​បរទេស​ថា ចិនមិនមែនជា​ប្រទេស​តែមួយ ដែល​ផ្ទុះ​ផ្ដាសាយបក្សី​ជាថ្មី​នោះទេ ដោយ​កាលពីដើមសប្ដាហ៍កន្លងទៅ អាជ្ញាធរ​ឥណ្ឌា បាន​ចាប់​ផ្ដើម​សម្លាប់​បក្សី និងស៊ុត​ជាច្រើន​ ដែល​មាន​ផ្ទុក​វីរុសដូចគ្នានេះ។ ចំណែក​នៅ​អឺរ៉ុបខាងកើត មាន​វីរុស​ស្រដៀង​គ្នា​នេះ គឺ H5N8 ផ្ទុះ​ឡើង​ផងដែរ កាលពី​ប៉ុន្មាន​សប្ដាហ៍មុន៕

មិនទាន់បាត់ភ័យពីវីរុសកូរ៉ូណាផង ឥឡូវ​ផ្ទុះវីរុសផ្តាសាយបក្សីទៀតហើយ​នៅប្រទេសចិន


ពាក្យទាក់ទង

png