ពល​រដ្ឋ​ប្តឹង​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​តុលាការ រឿង​សម​គំនិត​ក្នុង​អំពើ​លួច​លក់​ដី​គរុភណ្ឌ​របស់​វត្ត​គោក​បញ្ជាន់


(ភ្នំពេញ)៖ លោកស្រី ឃី ជឺ អាយុ ៥៦ឆ្នាំ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ សមគំនិតក្នុងអំពើលួចលក់ដីគរុភណ្ឌរបស់វត្តគោកបញ្ជាន់ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានរៀបរាប់ថា តុលាការកំពុងដំណើរការសំណុំរឿងព្រហ្មទណ្ឌលេខ២៥៣៣ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដោយបានកោះហៅអ្នកពាក់ព័ន្ធករណី លួចលក់ដីគរុភណ្ឌរបស់វត្តគោកបញ្ជាន់ ទំហំ ៧ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ ដែលមានសមាជិកគណៈកម្មាការវត្តចំនួន ៧រូប និងព្រះអង្គ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ផងដែរ។

ប៉ុន្តែមកដល់ពេលនេះ តុលាការពុំទាន់បានកោះហៅលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលជាអ្នកចុះហត្ថលេខាលើឯកសារផ្ទេរកម្មសិទ្ធិដីវត្តគោកបញ្ជាន់ លេខ៨៩៣៣ ប.ជ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅឡើយទេ។ 

លោកស្រី ឃី ជឺ បានបន្ថែមថា កាលពីពេលថ្មីៗនេះ លោក ហែម ដារិទ្ធិ បានធ្វើលិខិតលេខ០០២/២០ របក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ទូលថ្វាយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សនដោយមានខ្លឹមសារធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកស្រី និងពុទ្ធបរិស័ទផ្សេងទៀតដែលព្យាយាមការពារ ដីគរុភណ្ឌរបស់វត្តគោកបញ្ជាន់។

ជុំវិញករណី ព្រះសង្ឃ សេង ថង និងមន្ត្រីលួចដីវត្តគោកបញ្ជាន់លក់នេះ ANN ធ្លាប់បានទាក់ទងលោក ហេម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំការបំភ្លឺដែរ តែលោកអភិបាលខណ្ឌរូបនេះ មិននិយាយជាមួយឡើយ ដោយលោកថា «ខ្ញុំមិននិយាយជាមួយអ្នកកាសែតតាមទូរស័ព្ទទេព្រោះខ្ញុំអត់ដែលស្គាល់ផង។ មានការអីមកជួបខ្ញុំ នៅសាលាខណ្ឌមក។»

សូមជម្រាបជូនថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតលេខ២០៨/១៩ ស.ន.ក.ជ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ សម្រេចបញ្ចប់មុខតំណែងភិក្ខុ សេង ថង ពីចៅអធិការវត្ត គោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ 

ជាមួយគ្នានោះ គណៈសង្ឃនាយក នៃព្រះរាជានណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីវត្តលក់ទៅតាមផ្លូវច្បាប់ជាធរមានដើម្បីរក្សានូវសម្បត្តិគរុភណ្ឌរបស់វត្ត និងសង្ឃ៕(ANN007)

ពល​រដ្ឋ​ប្តឹង​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​តុលាការ រឿង​សម​គំនិត​ក្នុង​អំពើ​លួច​លក់​ដី​គរុភណ្ឌ​របស់​វត្ត​គោក​បញ្ជាន់

ពល​រដ្ឋ​ប្តឹង​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​តុលាការ រឿង​សម​គំនិត​ក្នុង​អំពើ​លួច​លក់​ដី​គរុភណ្ឌ​របស់​វត្ត​គោក​បញ្ជាន់


ពាក្យទាក់ទង

png