បន្ទាប់​ពី​មាន​ឈ្មួញ​ទៅ​ត​ថ្លៃ​ដី​ស្រះ​របស់​វត្ត​កោះ​ចិន ទំនាស់​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ រស់​នៅ​ជាប់​ព្រំ​ដី​ស្រះមេ​ទឹក (ស្រះ​វត្ត) ក៏​ផ្ទុះ​ឡើង


(កណ្តាល)៖ ករណីវិវាទព្រំដី រវាងប្រជាពលរដ្ឋ និងព្រះចៅអធិការ វត្តមុនីសាគរ ហៅវត្តកោះចិននៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានផ្ទុះឡើងបន្ទាប់ពីមានក្រុមហ៊ុនរបស់ឧកញ៉ា ម្នាក់ឈ្មោះ ណុប ចូលទៅទិញដីស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅម្តុំ បឹងធំ បឹងតូច ដែលជាបឹងរបស់រដ្ឋ ទំហំជាច្រើនហិកតា ដើម្បីសង់បុរីលក់។ នេះបើយោងតាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះចិន។

ការទិញលក់ដីស្រែប្រាំងម្តុំ បឹងធំ និងបឹងតូច ត្រូវប្រជាពលរដ្ឋរាយការណ៍ថា មានអ្នកគក់ជេដីឈ្មោះ អ៊ឹម ចន្ថា មានតួនាទីជា អនុប្រធានភូមិកោះចិន។ 

ប្រភពបន្ថែមថា បច្ចុប្បន្នដីស្រែប្រាំងទាំងអស់នោះ កំពុងត្រូវក្រុមហ៊ុនចាក់ដីលុប និងផ្នែកខ្លះនៃបឹងធំ និងបឹងតូចកំពុងមានគ្រឿងចក្រកាយយកអាចម៍ដី យកទៅចាក់តាមស្រែប្រាំងដែលក្រុមហ៊ុនទិញរួច។ 

ប្រជាពលរដ្ឋ លើកឡើងថា កាលពីពេលកន្លងទៅ មានការកោះហៅប្រជាពលរដ្ឋទៅប្រជុំ និងចែកលុយក្នុងមួយគ្រួសារ ១០០ដុល្លារ ដោយអាជ្ញាធរប្រាប់ថា ជាលុយចំណែកលក់ដីបឹងធំ និងបឹងតូច។

លោកយាយ សៅ គឹមហ៊ន វ័យប្រហែល ៧០ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទំនាស់ព្រំដីរបស់លោកយាយ និងព្រះចៅអធិការវត្តកោះចិន បានទើបតែកើតឡើងនាពេលថ្មីៗនេះ បន្ទាប់ពីលេចឮដំណឹងថា មានក្រុមហ៊ុនរបស់ឧកញ៉ា ឈ្មោះ ណុប ប្រើមនុស្សម្នាក់មានតួនាទីជាអនុប្រធានភូមិឲ្យចូលខ្លួនទៅសម្របសម្រួលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅក្បែរស្រះមេទឹក ដើម្បីទិញឲ្យក្រុមហ៊ុនធ្វើផ្លូវចូលទៅក្នុងបុរី។ 

លោកយាយ បន្តថា លោកយាយ និងប្តី ជាអតីតមេឃុំកោះចិន (ប្រធានគណៈកម្មាធិការប្រជាជនឃុំ) បានរស់នៅលើដីជាប់នឹងដីស្រះមេទឹករបស់រដ្ឋនោះ តាំងពីអំឡុងឆ្នាំ១៩៧៩ មកម្ល៉េះ។

នៅឆ្នាំ១៩៧៩ លោក ជា គឹមសេង ប្រធានគណៈកម្មាធិការប្រជាជនឃុំកោះចិន បានធ្វើលិខិតកាន់កាប់ដីធ្លីនោះជូនលោកយាយ និងប្តីដែលបានចូលនិវត្តន៍ ដើម្បីរស់នៅស្របច្បាប់ ដោយបានកំណត់ព្រំដី៖ ខាងទល់នឹងឈ្មោះ ថ្លាង ផាត -ខាងត្បូងទល់នឹងព្រំដីវត្តកោះចិន -ខាងកើតទល់នឹងផ្លូវលំភូមិ និងខាងលិចទល់នឹងស្រះមេទឹក។ 

លោកយាយ សៅ គឹមហ៊ន បន្ថែមថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ លោកអភិបាលស្រុកពញាឮ បានដឹកនាំមន្ត្រីមកប្រាប់ឲ្យលោកយាយវាយរបងផ្ទះរបស់លោកយាយនៅប៉ែកខាងលិចដែលជាប់ព្រំស្រះមេទឹករបស់រដ្ឋ ចេញវិញប្រហែល ៣ម៉ែត្រ ដោយអះអាងថា បានធ្វើចូលដីស្រះទឹករបស់វត្តកោះចិន ទៅវិញ។

លោកយាយ អះអាងថា លោកយាយធ្វើរបងដីនោះតាមព្រំដីចាស់ដែលដាំបង្គោលតាំងយូរឆ្នាំមកហើយ និងធ្វើតាមលិខិតកាន់កាប់ដីធ្លីដែលអាជ្ញាធរធ្វើឲ្យលោកយាយ ដោយមានព្រំដីនោះជាប់នឹងស្រះមេទឹករបស់រដ្ឋ មិនមែនជាប់នឹងដីវត្តដូចការលើកឡើងរបស់លោកអភិបាលស្រុកពញាឮ និងចៅអធិការវត្តកោះចិននោះទេ។ 

ជុំវិញករណីនេះ ព្រះអង្គព្រះនាម ហុក ខេង ព្រះចៅអធិការវត្តមុនីសាគរ ហៅវត្តកោះចិន បានមានសង្ឍដីកា ថាដីស្រះមេទឹកនោះ គឺជាដីរបស់វត្ត ហើយលោកយាយ សៅ គឹមហ៊ន បានធ្វើរបងចូលប្រហែល ៤ម៉ែត្រ។ 

ព្រះអង្គ បន្តថា កាលពីដើម (កាលកកើតវត្តដំបូង) ដីនោះជាដីរបស់ប្រជាពលរដ្ឋដែលធ្វើស្រែប្រាំងនៅទីនោះ បានប្រគេនលោកឲ្យជីកយកអាចម៍ដីយកចាក់ធ្វើទួលសង់វិហារ ហើយតាំងពីពេលនោះមកដីដែលស្រះនោះ ត្រូវគេហៅថា ស្រះវត្ត ដោយឈប់ហៅថា ស្រះមេទឹក។

ព្រំដីរវាង ស្រះវត្ត (អតីតស្រះមេទឹករបស់រដ្ឋ)  និងដីរបស់លោកយាយ សៅ គឹមហ៊ន មានដើមឈើកែង ប៉ុន្តែពេលនេះដើមឈើនោះងាប់បាត់ទៅហើយ ទើបលោកយាយបង្ខិតព្រំចូល។

ព្រះអង្គ ហុក ខេង និងព្រះសង្ឃ ដទៃទៀតក្នុងវត្ត បានទទួលស្គាល់ថា ស្រះវត្ត (អតីតស្រះមេទឹករបស់រដ្ឋនោះ) គឺវត្តអត់មានប្លង់កម្មសិទ្ធិកាន់កាប់ ដូចជាលោកយាយ សៅ គឹមហ៊ន នោះទេ ហើយពេលកន្លងទៅមានអ្នកគក់ជេដី បានចូលសម្រលសម្រួលជាមួយព្រះអង្គ ដើម្បីទិញដីស្រះនោះឲ្យក្រុមហ៊ុនរបស់ ឧកញ៉ា ណុប យកធ្វើជាផ្លូវចេញចូលរបស់បុរី ប៉ុន្តែព្រះអង្គមិនព្រមលក់នោះទេព្រោះព្រះអង្គទុកចាក់ដីនោះធ្វើជាទីតាំងសាងសង់ចេតិយរួមជូនញាតិញោមប្រើប្រាស់ និងចំណែកដីដែលសល់ទុកជូនញាតិញោមសង់ចេតិយឯកជន។ 

ដោយឡែកប្រជាពលរដ្ឋដែលកំពុងរស់នោះ លើទំនប់ដីស្រះមេទឹករបស់រដ្ឋ (បច្ចុប្បន្ន ជាស្រះវត្ត) បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់គឺជាគ្រួសារអតីតយោធាស្រុក និងជាអតីតក្រុមតស៊ូរំដោះជាតិ នៃសម័យរដ្ឋកម្ពុជា ដែលមិនបានទទួលរបបដីពីរដ្ឋនោះទេ។ 

កាលពីជិត២០ឆ្នាំមុន ពួកគាត់ បានសុំព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានរស់នៅ លើខ្នងទំនប់ស្រះមេទឹកនោះ។ ពួកគាត់ក៏បានឮដំណឹងថា ដីនេះកំពុងមានក្រុមគក់ជេដី ចង់ទិញឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ណុប។ 

ប្រជាពលរដ្ឋ បានសំណូមពរឲ្យអាជ្ញាធររកទីតទាំងថ្មីជូនពួកគាត់ដើម្បីរស់នៅ ព្រោះពួកគាតក្រីក្រណាស់ បើបណ្តេញចេញពីទីតាំងដែលពួកគាត់កំពុងរស់នេះ ដោយមិនរកទីតាំងថ្មីឲ្យបានទេពួកគាត់ពុំព្រមចាកចេញពីដីនេះឡើយ ព្រោះមិនដឹងថា ទៅរស់នៅទីណា?

លោក សយ ង៉ូវ ប្រធានភូមិកោះចិន បានប្រាប់ ANN តាមទូរស័ព្ទថា បច្ចុប្បន្នពិតជាមានក្រុមហ៊ុនរបស់ឧកញ៉ា ឈ្មោះ ណុប កំពុងជីក និងចាក់ដីសាងសង់បុរីនៅម្តុំបឹងតូច និងបឹងធំនោះប្រាកដមែន។ ប៉ុន្តែក្រុមហ៊ុនចាក់ដីតែលើស្រែប្រាំង ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋប៉ុណ្ណោះចំណែកដីបឹងធំទំហំជិត ១ហិកតា ដីបឹងតូចទំហំជាង ២០០០ម៉ែត្រការ៉េ និងដីទួលលោកតាបឹងតូចទំហំជិត ៤០០ម៉ែត្រការ៉េ គឺលោកមិនបានចុះហត្ថលេខាលក់ឲ្យក្រុមហ៊ុននោះទេ។ ហើយការពារជាដាច់ខាតមិនឲ្យអ្នកណាយកទៅលក់ឲ្យក្រុមហ៊ុនរបស់ឧកញ៉ាឈ្មោះ ណុប បានណាឡើយ។ 

ចំណែករឿងដីធ្លីរវាងលោកយាយ សៅ គឹមហ៊ន និងវត្តកោះចិន គឺលោកអភិបាលស្រុកពញាឮបានដឹកនាំមន្ត្រីសុរិយោដីស្រុកចុះមកសម្របសម្រួលដែរ តែពុំទាន់ត្រូវគ្នាដោយសារលោកយាយ មិនព្រមថយត្រឹមដើមត្នោត តាមការទាមទាររបស់ភាគីវត្តកោះចិន។ 

ដោយឡែក លោក អ៊ឹម ចន្ថា អនុប្រធានភូមិកោះចិន បានប្រាប់ ANN តាមទូរស័ព្ទថា លោកមិនដែលរកស៊ីគក់ជេដីដូចអ្វីដែលពលរដ្ឋលើកឡើងនោះទេ។ 

ចំណែកទំនាស់ដីធ្លីរវាងវត្តកោះចិន និងលោកយាយ សៅ គឹមហ៊ន ជារឿងផ្សេងមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ ឧកញ៉ាឈ្មោះ ណុប ទេ។

ចំពោះរឿងរ៉ាវទាំងអស់នេះ ANN បានព្យាយាមសុំការបញ្ជាក់ពីលោក ឃឹម សុផល មេឃុំកោះចិន និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ តាមទូរស័ព្ទ ប៉ុន្តែលោកទាំង បានប្រាប់ថាជាប់ប្រជុំនៅសាលាខេត្តកណ្តាល៕(ANN007) 

បន្ទាប់​ពី​មាន​ឈ្មួញ​ទៅ​ត​ថ្លៃ​ដី​ស្រះ​របស់​វត្ត​កោះ​ចិន ទំនាស់​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ រស់​នៅ​ជាប់​ព្រំ​ដី​ស្រះមេ​ទឹក (ស្រះ​វត្ត) ក៏​ផ្ទុះ​ឡើង

បន្ទាប់​ពី​មាន​ឈ្មួញ​ទៅ​ត​ថ្លៃ​ដី​ស្រះ​របស់​វត្ត​កោះ​ចិន ទំនាស់​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ រស់​នៅ​ជាប់​ព្រំ​ដី​ស្រះមេ​ទឹក (ស្រះ​វត្ត) ក៏​ផ្ទុះ​ឡើង
បន្ទាប់​ពី​មាន​ឈ្មួញ​ទៅ​ត​ថ្លៃ​ដី​ស្រះ​របស់​វត្ត​កោះ​ចិន ទំនាស់​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ រស់​នៅ​ជាប់​ព្រំ​ដី​ស្រះមេ​ទឹក (ស្រះ​វត្ត) ក៏​ផ្ទុះ​ឡើង
បន្ទាប់​ពី​មាន​ឈ្មួញ​ទៅ​ត​ថ្លៃ​ដី​ស្រះ​របស់​វត្ត​កោះ​ចិន ទំនាស់​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ រស់​នៅ​ជាប់​ព្រំ​ដី​ស្រះមេ​ទឹក (ស្រះ​វត្ត) ក៏​ផ្ទុះ​ឡើង
បន្ទាប់​ពី​មាន​ឈ្មួញ​ទៅ​ត​ថ្លៃ​ដី​ស្រះ​របស់​វត្ត​កោះ​ចិន ទំនាស់​រវាង​ព្រះសង្ឃ និង​ពលរដ្ឋ រស់​នៅ​ជាប់​ព្រំ​ដី​ស្រះមេ​ទឹក (ស្រះ​វត្ត) ក៏​ផ្ទុះ​ឡើង


ពាក្យទាក់ទង