នគរបាលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៤នាក់ ពាក់ព័ន្ធករណី ផលិតគ្រឿងញៀនលក់ជិត ១០០គីឡូក្រាម


(ភ្នំពេញ)៖ ក្នុងរយៈពេល ២ថ្ងៃមកនេះ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសកែច្នៃគ្រឿងញៀន  និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ និងដកហូតបានគ្រឿងញៀនជាច្រើន។

ជនសង្ស័យទាំង ៤ នាក់រួមមាន៖ ឈ្មោះ ទួន អា ញ់ ភេទប្រុស អាយុ ២៤ឆ្នាំ, ឈ្មោះ ហ័ង វៀត ភេទ ប្រុស អាយុ ២២ឆ្នាំ, ឈ្មោះ ធី ងុក ភេទស្រី អាយុ ២១ឆ្នាំ និងឈ្មោះ ធី ងីន ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម ២៣ ភូមិ៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កាលពីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ នៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងដកហូតម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀន ចំនួន ១០កញ្ចប់ធំៗ។

សមត្ថកិច្ច បានរកឃើញ និងដកហូតបានវត្ថុតាងរួមមាន៖ ម្ស៉ៅពណ៌សថ្លា ចំនួន ០១កញ្ចប់, ម៉្សៅក្រាមពណ៌ត្នោត ចំនួន ២០កញ្ចប់, សារធាតុរាវពណ៌ស ចំនួន ៣៨ដប, សារធាតុរាវពណ៌ខ្មៅ ចំនួន២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក ចំនួន ០២), សារធាតុរាវពណ៌ស ចំនួន ១ប៊ីដុងធំ និងឧបករណ៍ផលិតកែច្នៃមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសរុបជិត ១០០គីឡូក្រាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ANN007)

នគរបាលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៤នាក់ ពាក់ព័ន្ធករណី ផលិតគ្រឿងញៀនលក់ជិត ១០០គីឡូក្រាម នគរបាលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៤នាក់ ពាក់ព័ន្ធករណី ផលិតគ្រឿងញៀនលក់ជិត ១០០គីឡូក្រាម


png