នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែងម្នាក់ ត្រូវបានឃាត់ខ្លួនព្រោះធ្វើចោរប្លន់រថយន្ត ក្រោយចាញ់ល្បែងនៅកាស៊ីណូណាហ្គាវើល


(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា មានតួនាទីជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវ និងឃាត់ខ្លួន ពាក់ព័ន្ធករណីប្លន់រថយន្តរបស់ពលរដ្ឋ ព្រោះតែចាញ់ល្បែងនៅកាស៊ីណូ ណាហ្គាវើល។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ជុត ជីវន្ត័ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មន្រ្តីនគរបាល រស់នៅភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយវត្ថុតាង កាំភ្លើងចំនួន ៣ដើម និងរថយន្តម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ដែលជារបស់ជនរងគ្រោះចំនួន ១គ្រឿង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ជុត ជីវន្ត័ បានចេញពីលេងល្បែងនៅកាស៊ីណូ ណាហ្គាវើល រួចជិះម៉ូតូទៅម្តុំច្បារអំពៅ ដើម្បីជួបជនរងគ្រោះជាអ្នកស្គាល់គ្នាឈ្មោះ ពុធ រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរ រត់តាក់ស៉ី រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តព្រៃវែង ដើម្បីម៉ៅរថយន្តជិះទៅខេត្តព្រៃវែងវិញ។

នៅពេលទៅដល់ខេត្តព្រៃវែង ជនសង្ស័យ បានឲ្យជនរងគ្រោះឈប់ចាំនៅច្រកចូលស្នងការដ្ឋាននគរបាលខេត្តព្រៃវែងខាងកើត ដើម្បីទៅយកកាំភ្លើង AK ពីក្នុងបន្ទប់ដោយលាក់ក្នុងសាក់កាដូស្ពាយក្រោយរួចប្រាប់ឲ្យជនរងគ្រោះជូនខ្លួនត្រឡប់ទៅភ្នំពេញវិញ។

លុះធ្វើដំណើរទៅដល់ម្តុំរោងចក្រផលិតស្រាបៀរ Tiger ស្រាប់តែជនសង្ស័យ ដកកាំភ្លើងពីក្នុងសាក់កាដូគំរាម និងប្លន់យករថយន្ត ព្រមទាំងលុយរបស់ជនរងគ្រោះ រួចជិះរថយន្តចូលដេកនៅផ្ទះសំណាក់ក្នុងក្រុងភ្នំពេញ និងក្រោយមកក៏បើករថយន្តចូលទៅកាន់ កាស៊ីណូ ណាហ្គាវើល ដើម្បីលក់រថយន្តរបស់ជនរងគ្រោះក្នុងតម្លៃ ១៤,០០០ ដុល្លារ ហើយក៏គេចខ្លួនបាត់។

បន្ទាន់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតរថយន្តខាងលើពីឈ្មោះ យ៉ាន សំអុល នៅកន្លែងលាងរថយន្តនៅម្តុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។

រហូតដល់យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅផ្ទះក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ចំណែករថយន្តសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ៕(ANN007)

នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែងម្នាក់ ត្រូវបានឃាត់ខ្លួនព្រោះធ្វើចោរប្លន់រថយន្ត ក្រោយចាញ់ល្បែងនៅកាស៊ីណូណាហ្គាវើល


ពាក្យទាក់ទង

png