នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបុរសខ្មែរម្នាក់ ពាក់ព័ន្ធករណី ឆបោកឡានរបស់ថៅកែជនជាតិចិន យកទៅដាក់បញ្ចាំ


(ភ្នំពេញ)៖ នគរបាលខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ បានឃាត់ខ្លួនបុរសខ្មែរម្នាក់ ពាក់ព័ន្ធករណី យករថយន្តថៅកែជនជាតិចិនដាក់ចញ្ចាំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់ មីខាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ ផ្លូវបេតុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅចំណុចបរិវេណខុនដូ យីហោ ស៊ីងហួយឈឹង ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររម្លឹកថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ចាន់ មីខាង បានបានប្រើល្បិចខ្ចីរថយន្តម៉ាក Lexus RX330 ពណ៌ស សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2AB-8417 ពីជនរងគ្រោះ ឈ្មោះ HUANG GUOJIAN ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ចុងធៀនយន់ហ័រគៀងឆៃ ជាជនជាតិចិន ស្នាក់នៅខុនដូយីហោ ស៊ីងហួយឈឹង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកទៅដាក់បញ្ចាំគេរួចគេចខ្លួនបាត់ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យតាមចាប់ខ្លួនតែម្តង។

នៅពេលឃាត់ខ្លួន សត្ថកិច្ចបាន ដកហូតយករថយន្តប្រគល់ជូនជនរងគ្រោះវិញ និងបានបញ្ជូនជនសង្ស័យទៅសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ (ANN007)

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបុរសខ្មែរម្នាក់ ពាក់ព័ន្ធករណី ឆបោកឡានរបស់ថៅកែជនជាតិចិន យកទៅដាក់បញ្ចាំ


ពាក្យទាក់ទង

png