ជំនួញឈើខុសច្បាប់ទៅប្រទេសវៀតណាម នៅតាមព្រំដែនខេត្តរតនគិរី ត្រូវគេរាយការណ៍ថាកក្រើកជាថ្មី ប៉ុន្តែមន្ត្រីជំនាញបដិសេធ


(រតនគិរី)៖ មានសេចក្តីរាយការណ៍ពីខេត្តរតនគិរីមកថា សកម្មភាពកាប់បំផ្លាញព្រឈើ និងដឹកញ្ជូនទៅលក់នៅប្រទេសវៀតណាម បានចាប់ផ្តើមកក្រើកឡើងវិញ នៅតាមច្រករបៀងមួយចំនួននៃខេត្តមួយនេះ។

បើយោងតាមការបង្ហើបឲ្យដឹងពីមន្ត្រីនៅខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា រាល់ថ្ងៃគេឃើញមានក្រុមម៉ូតូ ដឹកជញ្ជូនផលអនុផលព្រៃឈើទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹគគ្រេង នៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅចំណុចច្រករបៀង ច្រកឡំ ច្រកភ្នំក្រហម ច្រកពាមអូរសាថី ច្រកផាសាវ និងច្រកផាតាម មានថៅកែឈ្មោះ វៃ ជាថៅកែ និងជាអ្នករត់ការបើកផ្លូវជាមួយសមត្ថកិច្ចជំនាញនៅក្នុងខេត្ត។

សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានបន្ថែមថា សកម្មភាពបទល្មើសព្រៃឈើនេះ អាចមានក្រុមមន្ត្រីជំនាញ ជាអ្នកបើកភ្លើងខៀវ និងជួយសម្របសម្រួលដើម្បីទទួលបានផលប្រយោជន៍សារជាថ្មីម្តងទៀត បន្ទាប់ពីជំនួញព្រៃឈើខុសច្បាប់ក្នុងខេត្តនេះ ហាក់ស្ងប់ស្ងាត់បានមួយរយៈព្រោះតែ មន្ត្រី នៃគណកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជិះឡានពីភ្នំពេញទៅបង្ក្រាបជំនួសមន្ត្រីជំនាញរបស់ខេត្តរតនគិរី ដែលតែងតែអង្គុយរាប់រថយន្ត និងម៉ូតូដឹកឈើចេញទៅលក់វៀតណាម។ 

ជុំវិញសកម្មភាព បទល្មើសព្រៃឈើខាងលើនេះ លោក ជា តារា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ ANN ថា មិនមានបទល្មើសព្រៃឈើ ដូចការលើកឡើងនោះទេ។ រូបភាពដែលគេយកមកចុះផ្សាយគឺសុទ្ធតែរូបចាស់ទេ រាល់ថ្ងៃសមត្ថកិច្ចចុះល្បាតតាមបន្ទាត់ព្រំដែន តាមបទបញ្ជារបស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីហើយ។

ដោយឡែក លោក បួនសេង សុពិសិដ្ឋ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦២៣បានប្រាប់ភ្នាក់ងារ ANN ថា រឿងបទល្មើសព្រៃឈើ ដឹកជញ្ជូនតាមម៉ូតូទៅប្រទេសវៀតណាមនោះគ្មានទេ។ 

លោកបន្តថា សព្វថ្ងៃនេះ លោករកលុយចិញ្ចឹមកូនចៅនៅក្នុងបន្ទាយមិនចង់រស់ផង។លោកជំពាក់ទាំងលុយថ្លៃភ្លើងគេច្រើនណាស់ពុំមានលុយសង់ថ្លៃភ្លើងណាស់ មិនដូចពីមុនទេ។ ហើយលោកតែងតែនាំកម្លាំងដើរល្បាតនៅតាមបន្ទាត់ព្រំដែនស្ទើររៀងរាល់ថ្ងៃ៕(ANN007)

ជំនួញឈើខុសច្បាប់ទៅប្រទេសវៀតណាម នៅតាមព្រំដែនខេត្តរតនគិរី ត្រូវគេរាយការណ៍ថាកក្រើកជាថ្មី ប៉ុន្តែមន្ត្រីជំនាញបដិសេធ ជំនួញឈើខុសច្បាប់ទៅប្រទេសវៀតណាម នៅតាមព្រំដែនខេត្តរតនគិរី ត្រូវគេរាយការណ៍ថាកក្រើកជាថ្មី ប៉ុន្តែមន្ត្រីជំនាញបដិសេធ ជំនួញឈើខុសច្បាប់ទៅប្រទេសវៀតណាម នៅតាមព្រំដែនខេត្តរតនគិរី ត្រូវគេរាយការណ៍ថាកក្រើកជាថ្មី ប៉ុន្តែមន្ត្រីជំនាញបដិសេធ


ពាក្យទាក់ទង

png