លោក ត្រាំ អះអាង​ថា ទោះជា​រលក​ទី២របស់ COVID​-19 ផ្ទុះឡើង ក៏​អាមេរិក​មិន​បិទទ្វារ​សារ​ជាថ្មី​ដែរ


​(អន្តរជាតិ​)៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណាល់ ត្រាំ កាលពី​ម្សិលមិញ បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​នឹង​មិន​បិទទ្វារ​ម្តង​ទៀត​នោះ​ទេ បើ​ទោះជា​មាន​រលក​ទី២នៃ COVID​-19 ក៏ដោយ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

លោក ដូ​ណាល់ ត្រាំ បាន​ឆ្លើយតប​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​ដំណើរ​ទស្សនកិច្ច រោង​ចក្រ​មក្រុ​មហ៊ុន Ford នៅ​រដ្ឋ Michigan ថា៖«វា​មានលទ្ធភាព​ដែល​អាច​កើតឡើង ប៉ុន្តែ​យើង​នឹង​មិន​បិទ​ប្រទេស​ឡើយ»។ ​

លោក ត្រាំ បាន​បន្ត​ថា ការ​បិទ​ប្រទេស​រយៈពេល​យូរ ឬមួយ​ក៏​ច្រើន​លើក​ពេក មិនមែន​ជា​យុទ្ធ​សាស្រ្ត​ល្អ​ឡើយ ហើយ​វា​អាច​បង្ក​គ្រោះមហន្តរាយ ធ្ងន់ធ្ងរ​ដោយប្រយោល ដល់​សុខភាព​សាធារណៈ​ថែមទៀត​ផង។

សូមជម្រាប​ជូន​ថា រដ្ឋ​ទាំង ៥០របស់​អាមេរិក​សុទ្ធតែ​បាន​ប្រកាស​ពី​ផែនការ ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ប្រឆាំង​នឹង COVID​-19 ដោយ​រដ្ឋ​ទាំងអស់​នោះ មាន​គោលដៅ​បើកទ្វារ​សេដ្ឋកិច្ច​ឡើងវិញ ក្នុង​ល្បឿន​ខុស​ៗគ្នា។ ​

យ៉ាងណាមិញ ក្រុម​អ្នកជំនាញ​សុខាភិបាល​អាមេរិក បាន​ព្រមាន អំពី​លទ្ធភាព​នៃ​រលក​ឆ្លង​រាតត្បាត​ខ្លាំង​ជា​លើក​ទី២ នៃ COVID​-19 នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ឬរដូវរងា​ខាងមុខ។

គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង COVID​-19 សរុប ១,៦២០,៩០២ករណី អ្នក​ស្លាប់ ៩៦,៣៥៤នាក់ និង​អ្នកជា​សះស្បើយ ៣៨២,១៦៩នាក់​៕(ANN 007​)

លោក ត្រាំ អះអាង​ថា ទោះជា​រលក​ទី២របស់ COVID​-19 ផ្ទុះឡើង ក៏​អាមេរិក​មិន​បិទទ្វារ​សារ​ជាថ្មី​ដែរ


ពាក្យទាក់ទង