លោក ត្រាំ ហៅ លោក អូ​បា​ម៉ា ថា ជា​ប្រធានាធិបតី​អសមត្ថភាព បន្ទាប់ពី​ហ៊ាន​រិះគន់​លោក ត្រាំ បញ្ហា COVID​-19


​(អន្តរជាតិ​)៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ បាន​ឆ្លើយតប ចំពោះ​សម្តី​រិះគន់​របស់​អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ធ្វើឡើង​ដោយ​បញ្ឆិតបញ្ឆៀង​មក​លើ​រដ្ឋបាល​លោក ជុំវិញ​វិបត្តិ​ជំងឺឆ្លង COVID​-19 ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៩ម៉ឺន​នាក់​នៅ សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sputnik នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោក ត្រាំ បាន​លើកឡើង​ថា៖«លោក អូ​បា​ម៉ា គឺជា​ប្រធានាធិបតី​ដែល​អសមត្ថភាព​ម្នាក់ គឺ​អសមត្ថភាព​ខ្លាំង​មែនទែន កាលពី​លោក​នៅ កាន់អំណាច​... នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន។»

ជាមួយគ្នានេះ លោក ដូ​ណាល់ ត្រាំ បាន​ងាក​ទៅ​កោតសរសើរ​កិច្ចប្រឹងប្រែង​របស់​រដ្ឋបាល​លោក ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID​-19 នៅ​សហរដ្ឋអាមេរិក​វិញ។ នៅចំពោះមុខ​ការ​រិះ​គន់​ផ្សេង​ៗជុំវិញ​វិបត្តិ ជំងឺឆ្លង​នេះ លោក ត្រាំ ធ្លាប់​បាន​លើកឡើង​ជា​ដដែល​ៗថា ចំណាត់ការ​ដែល​ត្រូវ​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​លោក តាមពិត​បាន​ជួយ​អាមេរិក​កាត់បន្ថយ​អត្រាមរណៈ​ពី COVID​-19។

បើ​តាម​ទិន្នន័យ​របស់​គេហទំព័រ Worldometers បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​នាំមុខ​គេ​លើ​ពិភពលោក ដែល​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​បំផុត​នៃ COVID​-19 ហើយ​គិត​មកដល់ពេលនេះ អាមេរិក​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង ១.៥លាន​នាក់ ក្នុង​នោះ​មាន​ស្លាប់​ជាង ៩ម៉ឺន​នាក់​៕(ANN 007​)

លោក ត្រាំ ហៅ លោក អូ​បា​ម៉ា ថា ជា​ប្រធានាធិបតី​អសមត្ថភាព បន្ទាប់ពី​ហ៊ាន​រិះគន់​លោក ត្រាំ បញ្ហា COVID​-19
លោក ត្រាំ ហៅ លោក អូ​បា​ម៉ា ថា ជា​ប្រធានាធិបតី​អសមត្ថភាព បន្ទាប់ពី​ហ៊ាន​រិះគន់​លោក ត្រាំ បញ្ហា COVID​-19


ពាក្យទាក់ទង