(មណ្ឌលគិរី)៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឡុង វិបុល ប្រធានកិត្តិយសសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត លោក សាន់ ដារិទ្ធ ប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត និងមានការចូលរួមពីព្រះសង្ឃព្រះនាម ព្រះលក្ខណ៍មុនី ឈិន ហន សមាជិកថេរសភា នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណធម្មយុត្តខេត្តមណ្ឌលគិរី ជាព្រះចៅអធិការវត្តព្រះពុទ្ធមណ្ឌលគិរី និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ពីសប្បុរសជន ដើម្បីចែកជូនដល់ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួន៣៥គ្រួសារ ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
លោក សាន់ ដារិទ្ធ ប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត បានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលនាំយកចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតនាពេលនេះ គឺជាការចូលរួមចំណែកពីព្រះចៅអធិការវត្តព្រះពុទ្ធមណ្ឌលគិរី និងសហការីស.យ.ស.សទាំងអស់ ដើម្បីជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋបានមួយរយៈពេលខ្លី។
នាឱកាសនោះ លោក ឡុង វិបុល ប្រធានកិត្តិយសសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត បានណែនាំដោយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។
ម្យ៉ាងទៀត ក៏សូមឱ្យប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំបន្លែផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឱ្យជីវភាពរស់នៅរបស់យើងមានលក្ខណៈសមរម្យ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៣៥គ្រួសារ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕






