តំណាង​អយ្យការ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទប្រកាន់​បុគ្គល​ឈ្មោះ​ ដួង​ ចន្ត្រា​ ពី​បទ​រួមគំនិតក្បត់​ជាមួយ​ក្រុម​ឧទ្ទាម​ សម​ រង្ស៊ី​

ទំហំអក្សរ៖

(កំពង់ឆ្នាំង​)៖ អ្នកនាំពាក្យ​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ បាន​ឱ្យ​ដឹង​នៅ​ពី​រសៀល​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ ស្ដីពី​ការសម្រេច​ចោទប្រកាន់​ទៅលើ​ឈ្មោះ​ ដួង​ ចន្ត្រា​ ហៅ​ ត្រា​ ភេទប្រុស​ និង​គូកន​ ពី​បទ​ រួមគំនិតក្បត់​ យោង​តាម​មាត្រា​ ៤៥៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ការចោទប្រកាន់​ខាងលើ​នេះ​ឈ្មោះ​ ដួង​ ចន្ត្រា​ ហៅ​ ត្រា​ និង​គូកន​ បាន​ធ្វើឡើង​បន្ទាប់ពី​បុគ្គល​នេះ​ បាន​បង្ហោះ​សារ​លើ​គណនី​ Facebook​ ឈ្មោះ​ Duong​ Chantra​ កៀរគរ​ បំផុសបំផុល​ ញុះញង់​ ឃោសនា​ និង​ប្រមូល​ផ្តុំ​ប្រជាជន​ ចូលរួម​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ឧបាយកល​ក្នុង​ផែនការ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន​ សម​ រង្ស៊ី​ មេក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅ​បរទេស​ និង​បក្ខពួក​ នា​ថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខ​។

អ្នកនាំពាក្យ​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ បាន​បញ្ជាក់​ថា​ អ្នក​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ ឬចូលរួម​អនុវត្ត​ផែនការ​របស់​ក្រុម​ឧទ្ទាម​ សម​ រង្ស៊ី​ ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ នឹង​ត្រូវ​ប្រឈម​ការចោទប្រកាន់​ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​ ពី​បទ​រួមគំនិតក្បត់​ ដែល​អាច​ប្រឈម​ការ​ផ្តន្ទា​ទោស​ពី​ ៥ឆ្នាំ​ ទៅ​ ១០ឆ្នាំ​ យោង​តាម​មាត្រា​ ៤៥៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ក្នុងករណី​ដែល​ អ្នក​ពាក់ព័ន្ធ​ទាំងនោះ​ចូលខ្លួន​សារភាព​កំហុស​ទាន់ពេល​វេលា​ នោះ​នឹង​ទទួល​បានការ​លើកលែងទោស​ យោង​តាម​មាត្រា​ ៤៥៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​៕

តំណាង​អយ្យការ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទប្រកាន់​បុគ្គល​ឈ្មោះ​ ដួង​ ចន្ត្រា​ ពី​បទ​រួមគំនិតក្បត់​ជាមួយ​ក្រុម​ឧទ្ទាម​ សម​ រង្ស៊ី​ តំណាង​អយ្យការ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទប្រកាន់​បុគ្គល​ឈ្មោះ​ ដួង​ ចន្ត្រា​ ពី​បទ​រួមគំនិតក្បត់​ជាមួយ​ក្រុម​ឧទ្ទាម​ សម​ រង្ស៊ី​