ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្រ្វិក​រាលដាល​ដល់​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​

ទំហំអក្សរ៖

​(ភ្នំពេញ)៖ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ប្រកាស​ថា​ ​គេ​បាន​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​ ​នៅ​ទីតាំង​ចំនួន២កន្លែង​ ​ស្ថិតនៅ​ភូមិ​កំពង់​សេរី​ ​និង​ភូមិ​សោយ​ ​ក្នុង​ឃុំ​មាន​ ​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​។​

ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្រ្វិក​រាលដាល​ដល់​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​

​ចំពោះ​ករណីនេះ​ ​ក្រសួង​ស្នើ​ដល់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ ​ត្រូវ​ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​ដោយ​ត្រូវ​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល​,​ ​ផ្អាក​លើ​ការទិញ​ ​ការ​លក់​ ​និង​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​ ​ចេញ​ ​ឬ​ឆ្លងកាត់​ក្នុងរង្វង់​កាំ​ប្រវែង៣គីឡូម៉ែត្រ​ ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ ​និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ​ ​និង​តាមដាន​។​

​ជាមួយគ្នា​នេះ​ ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​ក៏​ត្រូវ​សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ជាប្រចាំ​ក្នុងរង្វង់​ដែល​មាន​កាំ​ប្រវែង១០គីឡូម៉ែត្រ​ ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។​

​ក្នុង​នោះ​ដែរ​ ​ការ​ចិញ្ចឹម​ ​ទិញ​ ​លក់​ ​និង​ដឹកជញ្ជូន​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ ​នៅ​តំបន់​ផ្ទុះ​ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្រ្វិក​ ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ ​រហូតដល់​មានការ​ប្រកាស​ជាថ្មី​ពី​ការរំសាយ​តំបន់​ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្រ្វិក​ត្រូវ​បាន​កំណត់​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ថា​ ​ជំងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្រ្វិក​នេះ​ ​មិន​ឆ្លង​និង​ប៉ះពាល់​ដល់​មនុស្ស​ទេ​ ​ប៉ុន្តែ​ជំងឺ​នេះ​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ ​និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់១០០ភាគរយ​ ​ដែល​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ​៕​