សាលាក្រុង​កំពត​បាន​ចុះ​អនុវត្ត​ច្បាប់​ដោយ​វាយកម្ទេច​ទៅលើ​របង​ថ្ម​ ណា​ដែល​សង់​ចូលក្នុង​ព្រែក​

ទំហំអក្សរ៖

(កំពត​)៖ កម្លាំង​ចម្រុះ​របស់​សាលាក្រុង​កំពត​ ដែល​ដឹកនាំ​ដោយ​លោក​ លាង​ រឿន​សុធី​ អភិបាលក្រុង​កំពត​ បាន​ចុះ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​ ដោយ​វាយកម្ទេច​សំណង់​របង​ថ្ម​ ដែល​សង់​ចូលក្នុង​ទឹកព្រែក​ ដោយ​មិន​មានការ​អនុញ្ញ​តត្រឹមត្រូវ​តាមផ្លូវ​។ ប្រតិបត្តិ​ការ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៧​ ខែតុលា​ ឆ្នាំ២០១៩នេះ​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​បឹង​តា​ព្រាម​ សង្កាត់​ត្រើយកោះ​ ក្រុង​កំពត​។

តាម​ការ​ឱ្យ​ដឹង​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ម្ចាស់​សំណង់​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ ម៉ែ​ន អ៊ូ​ម៉ា​ និង​ឡោះ​ មុំ​ រស់នៅ​ភូមិ​សង្កាត់​ខាងលើ​។ តាម​ប្រភព​ផ្សេង​ពី​កន្លែង​សំណង់​បានឱ្យ​ដឹង​ថា​ ក្នុងករណី​ករណី​កម្ទេច​សំណង់​រឹង​លើ​ ទឹកព្រែក​នេះ​ មានរឿង២ផ្សេង​ពីគ្នា​។ ដោយ​ម្ចាស់​សំណង់​បាន​និយាយ​ដោយ​រិះគន់​អាជ្ញាធរ​សង្កាត់​ថា​ ពេល​ពួកគាត់​សង់​ពី​ ដំបូង​មិន​មានមុខ​មន្ត្រី​ណា​ម្នាក់​ហាមឃាត់​ទេ​ ពេល​សង់​រួច​ជាយូរមកហើយ​ទើប​ អាជ្ញាធរ​ប្រាប់​ថា​ខុសច្បាប់​ ហើយ​កម្ទេច​ចោល​តែម្ដង​។ រឿង​មួយទៀត​ខុសពី​នេះ​ ដោយ​ប្រភព​សម្ងាត់​មួយ​បាន​លួច​បង្ហើប​ថា​ មាន​មន្ត្រី​មានអំណាច​ម្នាក់​ នៅ​សាលាខេត្ត​កំពត​ ដែល​ប៉ង​ទិញ​ដី​តំបន់​ខាងលើ​ជាយូរមកហើយ​ តែ​មិន​មាន​អ្នកលក់​ឱ្យ​ ទើប​ថត​បង្ហោះ​ពី​ការ​ធ្វើ​របង​របស់​គាត់​ រហូត​ឈាន​ដល់​មាន​អាជ្ញាធរ​ក្រុង​មក​កម្ទេច​បែបនេះ​។

យ៉ាងណាក៏ដោយ​លោក​ លាង​ រឿន​សុធី​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ការសាងសង់​សំណង់​រឹង​ រំលោភបំពាន​ លើ​ចំណី​ព្រែក​បែបនេះ​ គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្លូវទឹក​មាន​ភាព​ចង្អៀត​ ងាយ​បង្ក​គ្រោះ​ទឹកជំនន់​ដោយ​ការ​ស្ទះ​ ព្រមទាំង​បាត់បង់​សោភ័ណភាព​ឆ្នេរ​ព្រែក​ទៀតផង​។ ដូច្នេះ​ទើប​អាជ្ញាធរ​វាយកម្ទេច​ចោល​បែបនេះ​ អភិបាលក្រុង​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​កុំ​សង់​សំណង់​រំលោភ​លើ​ចំណី​ព្រែក​ដោយ​គ្មាន​ ការ​អនុញ្ញ​តបែបនេះ​ ព្រោះ​វា​នាំ​ឱ្យ​ពេល​ដែល​អាជ្ញាធរ​កម្ទេច​ចោល​ អាច​មានការ​ខាតបង់​ទ្រព្យសម្បត្តិ​៕

សាលាក្រុង​កំពត​បាន​ចុះ​អនុវត្ត​ច្បាប់​ដោយ​វាយកម្ទេច​ទៅលើ​របង​ថ្ម​ ណា​ដែល​សង់​ចូលក្នុង​ព្រែក​