ក្រុមហ៊ុន​ចិន​ (អេ​ វើ​ គ្រី​ន ) ខេត្ត​ព្រះសីហនុ​កំពុង​ មាន​ ឥទ្ធិពល​សាជាថ្មី​ ក្រោយ​ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​

ទំហំអក្សរ៖

(ព្រះសីហនុ)​៖ ក្រុមហ៊ុន​ចិន​ (អេ​ វើ​ គ្រី​ន) ជា​ក្រុមហ៊ុន​មួយ​ ដែល​កន្លងមក​ត្រូវ​បាន​ រាជរដ្ឋាភិបាល​ សម្រេច​ លុប​ ចោល​ សិទ្ធិ​ក្នុង​ការ​វិនិយោគ​ម្ដង​រួចមក​ហើយ​ ដោយសារតែ​ក្រុមហ៊ុន​នេះ​មិនបាន​ធ្វើអ្វី​សោះ​ លើ​ដី​ខ្លួន​ដែល​បាន​ស្មើ​សុំ​។ ប៉ុន្តែ​អំឡុង​ ប្រមាណ៣.៤ឆ្នាំ​ ចុងក្រោយ​នេះ​ ក៏​ស្រាប់តែ​ ក្រុមហ៊ុន​អេ​ វើ​ គ្រី​ន នេះ​ បាន​ចាប់ផ្តើម​មាន​ឥទ្ធិពល​ឡើងវិញ​ លើ​ទំហំដី​ចំនួន​ប្រមាណ​ ជាង២០០០ហិ​កតា​ ក្នុង​តំបន់​ឧទ្យានជាតិ​រាម​។ ពាក់ព័ន្ធ​ជាមួយ​ និង​ក្រុមហ៊ុន​ (អេ​ វើ​ គ្រី​ន) ត្រូវ​បាន​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ ធ្វើការ​បញ្ជាក់​ថា​ ក្រុមហ៊ុន​នេះ​ ក្រោយ​ទទួល​បាន​សិទ្ធិ​ វិនិយោគ​ថ្មី​ ពី​រាជរដ្ឋាភិបាល​រូច​មក​ ក៏បាន​លក់​ដី​នោះ​ ឱ្យទៅ​ក្រុម​ចិន​ធំៗ​ចំនួន២​ ដែល​ជា​ក្រុមហ៊ុន​មាន​ឥទ្ធិពល​បំផុត​ ខណៈ​មាន​លោក​ឧកញ៉ា​ដ៏​មហិមា​ម្នាក់​ជា​ខ្នងបង្អែក​។

ករណី​នឹង​ការអនុវត្ត​ន៍​ចុះ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ដី​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ​ (រាម​) ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៩​ ក្រោម​ការដឹកនាំ​ពី​មន្ទីរ​បរិស្ថាន​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ ស្រុក​ កម្លាំង​ នគរបាល​ ស្រុក​ និង​អ្នក​ ជំនាញការ​ជា​ជនជាតិ​ចិន​ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​ (អេ​ វើ​ គ្រី​ន) មួយចំនួន​ផង​ដែរ​។

ការ​ចុះ​អនុវត្ត​នេះ​ ធ្វើឡើង​ដោយ​សំអាង​លើ​លិខិត​ ស ជ ណ របស់​រាជរដ្ឋាភិបាល​ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពីរ​ដ្ឋ​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ សារព័ត៌មាន​យើង​មិនទាន់​ បាន​ទទួលលិខិត​ ស ជ ណ មួយ​នេះ​របស់​រាជរដ្ឋាភិបាល​នៅឡើយ​ ដោយ​គ្រាន់តែ​បាន​ ឮការ​និយាយ​តត​គ្នា​ថា​ ក្រុមហ៊ុន​អេ​ វើ​ គ្រី​ន សំអាង​លើ​លិខិត​ ស ជ ណ នេះ​។ បើ​ យោង​តាម​លិខិត​របស់ក្រ​សួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លេខ១៣២៥​ ដ ន ស/ អ ស ដ ភ បាន​ចុះ​ថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៩​ គោរព​ជូន​លោក​អភិបាល​ នៃ​គណ​: អភិបាលខេត្ត​ព្រះសីហនុ​ដោយ​ស្នើសុំ​ធ្វើការ​វាស់វែង​ដី​ទំហំ​ ២៩១ហិច​តា​ ដែល​គាត់​រស់នៅ​ តាំងពី​ ឆ្នាំ២០០០​ ដែល​មាន​ទីតាំង​ភូមិ​ស្មាច់​ដែង​ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ បើ​យោង​តាម​សំណើសុំ​ អន្តរាគមន៍​ ចុះ​ថ្ងៃទី២៥​ ខែ​មិនា​ ឆ្នាំ២០១៩​ របស់​ប្រជាពលរដ្ឋ​ និង​ចំណារ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ចុះ​ថ្ងៃទី​ ២៦​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ របស់ក្រ​សួង​ សូម​បញ្ជូន​ករណីនេះ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ​ និង​ដោះស្រាយ​។

ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក​ស កក្កដា​ អភិបាលស្រុក​ព្រៃនប់​ មិន​មានប្រសាសន៍​អ្វី​ទេ​ ដោយ​លោក​គ្រាន់តែ​ប្រាប់​ឱ្យ​សួរ​ទៅ​មន្ទីរ​បរិស្ថាន​។ ចំណែក​លោក​គួច​ ចម្រើន​ អភិបាល​ នៃ​ គណ:អភិបាលខេត្ត​ព្រះសីហនុ​ ក៏​មានប្រសាសន៍​មកកាន់​សារព័ត៌មាន​ យើង​ឱ្យ​សួរ​ទៅ​ខាង​មន្ទីរ​បរិស្ថាន​ផង​ដែរ​ ជុំវិញ​នឹង​រឿង​នេះ​។ រី​ឯលោក​សា​មុត​ សុ​ធារិ​ទ្ធ​ ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ ទូរសព្ទ​ចូល​មិន​មាន​អ្នកទទួល​។ ភ្នាក់ងារ​យើង​ ក៏បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក​ម៉ូង​ ឆាយ​ ប្រធានមន្ទីរ​ បរិស្ថាន​ឧទ្យានជាតិ​ព្រះសីហនុ​ រាម​ ដោយ​ទូរសព្ទ​ចូល​ជាច្រើន​ដង​គ្មាន​អ្នកទទួល​ដែរ​។ បើ​តាម​ការ​បញ្ជាក់​កន្លងមក​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក​នេត្រ​ ភក្ត្រា​ថា​ ឧទ្យានជាតិ​ព្រះសីហនុ​រាម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រឹត្យ​នៅ​ខែវិច្ឆិកា​ ឆ្នាំ១៩៩៣​ មានផ្ទៃ​ដី​ចំនួន២១​ ០០០​ ហិ​កតា​ «គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ទិញ​ ឬលក់ដូរ​ដីធ្លី​នៅក្នុង​ឧទ្យានជាតិ​ព្រះសីហនុ​រាម​នេះ​បាន​ឡើយ​»។

ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ដី​ឧទ្យានជាតិ​ព្រះសីហនុ​ រាម​ កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ចំនួន២​ គឺ​ក្រុម​ហ៊ុន​យ៉ិ​ ជៀ​ និង​ក្រុមហ៊ុន​ថ្មី​អេ​ វើ​ គ្រី​ន មាន​លិខិត​ ស ជ ណ សម្រុក​ធ្វើការ​ឈូស​ឆាយ​ វាយ​ កម្ទេច​ កាប់ព្រៃ​ឈើយ​កដី​ក្រោម​លេស​ដីសម្បទាន​ពី​រដ្ឋាភិបាល​ ដោយ​ក្នុង​នោះ​ ក៏​មានការ​ប៉ះទង្គិច​ជាមួយនឹង​ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ក្នុង​នោះ​ផង​ដែរ​។ ពលរដ្ឋ​មួយចំនួន​បាន​រស់នៅ​តាំងពី​ឆ្នាំ១៩៨០មក​ម៉្លេះ​ និង​ខ្លះ​ឆ្នាំ២០០០​ ហើយ​ពលរដ្ឋ​ខ្លះទៀត​ ទើប​និង​រស់នៅ១ឆ្នាំ​ ឬ២ឆ្នាំនេះ​ដោយ​ពួកគាត់​បញ្ជាក់​ថា​ កូនចៅ​របស់​ពួកគាត់​ ទើប​កកើត​ជាគ្រួសារ​ក្រោម​កំណើន​ពលរដ្ឋ​ជា​ធម្មតា​ដែល​ឪពុក​ ម្ដាយ​ របស់​ពួកគាត់​គ្មាន​លទ្ធភាព​ និង​ទិញ​ដី​ចែ​កកូន​ៗនោះ​ទេ​ ទើប​មក​អាស្រ័យផល​ និង​សាងសង់​លំនៅឋាន​លើ​ដី​រដ្ឋ​ ដែល​ជា​ដី​ឧទ្យានជាតិ​នេះ​ ធ្វើជា​ជម្រក​តែម្ដង​។

បើ​តាម​រឿងហេតុ​ដែល​នាំ​ឱ្យ​មានការ​ប្រឈមមុខ​ដាក់គ្នា​រវាង​កងកម្លាំង​ និង​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ ប្រភព​ពី​ពលរដ្ឋ​បាន​ប្រាប់​សារព័ត៌មាន​ថា​ មានការ​ផ្ទុះអាវុធ​ចំនួន២គ្រាប់​ ដែល​ធ្វើ​ឱ្យ​រង​របួស​ស្ដ្រី​ម្នាក់​ ដោយ​សន្លប់​ពី​ការ​ភិតភ័យ​ និង​បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង​។ សូម​បញ្ជាក់​ថា​ ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ដី​នេះ​មាន​ប្រហែលជា​ជាង២០០គ្រួសារ​។ ចំណុច​នេះ​គួរ​លោក​អភិបាលខេត្ត​មេត្តា​ចុះទៅ​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ខ្លះ​ ហើយ​ជៀសវាង​ ធ្វើ​អ្វី​ៗតាម​មន្ត្រី​ខិលខូច​គ្រាប់ល្ពៅ​ ពីព្រោះ​ថា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​រាម​ទាំងមូល​ គឺ​សុទ្ធតែ​ រស់នៅ​លើ​ដី​ ឧទ្យានជាតិ​ទាំងអស់​ មិន​មាន​នរណា​ម្នាក់​មាន​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ទេ​ តែ​ប្រសិនបើ​មាន​ក៏​មាន​តិច​តូចបំផុត​។

គួរ​រំឮក​ឡើយ​វិញ​ផង​ដែរ​ បើ​តាម​ប្រសាសន៍​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែ​ធ្វើការ​ទូន្មាន​ជា​រឿយ​ៗថា​ (ដី​ហ្នឹង​ជា​ដី​ម៉ែ​របស់​លោក​ឯង​ឬ? ទុក​រក​ងាប់​ស្អី​? ចែក​ជូន​ឱ្យ​ពួកគាត់​ទៅ​អស់លោក​សុទ្ធ​តែ​ចាស់​ៗក្បាល​អស់ហើយ​ កុំ​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​មិនបាន​ ដល់ពេល​ក្រុមហ៊ុន​ស្នើសុំ​អភិវឌ្ឍ​ បែរជា​ឱ្យ​បាន​ មិនល្អ​នោះ​ទេ​ បាន​ទៅ​នរណា​? បាន​ទៅ​ពលរដ្ឋ​ យើង​តើ​?)៕ ដោយ​៖លី​ សុ​ខម៉ន​